(ភ្នំពេញ)៖ ផលិតករភាពយន្តរឿង «អន្ទងវិញ្ញាណ» របស់ Wonder Film បានថ្លែងអះអាងថា លោកចង់ឲ្យភាពយន្តរបស់ខ្លួន មានលក្ខណៈស្ដង់ដារអន្តរជាតិ មានរបៀបរបប នៃការផលិតឲ្យសមស្រប ទៅតាមបណ្ដាប្រទេសនីមួយៗ ព្រោះដើម្បីឲ្យត្រូវទៅតាមទីផ្សារ នៃការដាក់បញ្ចាំងជាលក្ខណៈអន្តរជាតិ ដែលអាចឲ្យអ្នកទស្សនា ទទួលយកបាន​នូវការផលិត​ របស់ភាពយន្តខ្មែរ ខណៈដែលប្រទេសជិតខាង គេបានដើរមុនយើងមួយជំហាន​បាត់ទៅហើយ ជុំវិញការធ្វើឲ្យភាពយន្តមួយ ដែលជាតិសាសន៍ដទៃ អាចទស្សនាបាន។

ការថ្លែងឲ្យដឹងបែបនេះ របស់លោក សែម វិសាល អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿង «អន្ទងវិញ្ញាណ» របស់ផលិតកម្ម Wonder Film ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈដែលផលិតកម្ម បានរៀបចំពិធីក្រុងពាលីចេញថតរឿង «អន្ទងវិញ្ញាណ» ដែលជាប្រភេទរឿងខ្មោចព្រាយបិសាច លងរន្ធ​ត់ ដោយមានវត្តមានតារាសម្ដែង ​ក្នុងរឿង ក្រុមការងារ និងម្ចាស់ផលិតកម្ម ចូលរួមផងដែរ។​

លោក សែម វិសាល អ្នកនិពន្ធ និងដឹកនាំរឿង បានថ្លែងឲ្យដឹងថា ជាការពិតការផលិតរឿងនីមួយៗ គឺធ្វើឡើងដើម្បីតម្រូវតាមការចង់បាន របស់ទីផ្សារក្នុងប្រទេស ដោយគេមិនបានសំឡឹងមើល ឲ្យបានទូលំទូលាយ ចំពោះទីផ្សារក្រៅប្រទេសឡើយ ដែលធ្វើឲ្យភាពយន្តខ្មែរ មានទីផ្សារតូចចង្អៀត ពេលចេញទៅក្រៅប្រទេស ពោលគឺសូម្បីតែប្រទេសជិតខាង ក៏ពិបាកក្នុងការប្រកួតប្រជែង ជាមួយគេដែរ។

លោកបន្តថា សម្រាប់គោលដៅចំបង របស់ផលិតកម្ម Wonder Film គឺមានមហិច្ឆតា ចង់ផលិតភាពយន្តមួយ មាន​ច្រើនបែបច្រើន​សណ្ឋាន ដោយអ្នកទស្សនាជាជនជាតិខ្មែរ ក៏ទទួលយកបាន ឯអ្នកទស្សនាជាជនបរទេស ក៏អាចទទួលយកបាន ពោលគឺក្នុងន័យថា យើងនឹងច្របាច់បញ្ចូល​គ្នា នូវវប្បធម៌របស់បរទេសខ្លះៗ ចូលទៅក្នុងសាច់រឿង ដែលលោកគិតថា វាជារសជាតិ និងជាទិដ្ឋភាពថ្មីមួយទៀត ដែលអ្នកផលិតភាពយន្តដទៃៗទៀត ពុំបានគិតដល់ចំណុចនេះ។

លោក សែម វិសាល បានសង្កត់ធ្ងន់ថា ជាក់ស្ដែងភាពយន្តរឿង «អន្ទងវិញ្ញាណ» ថ្វីត្បិតតែជាប្រភេទរឿង បែបខ្មោចព្រាយបិសាច ព្រឺព្រួច លងបន្លាច ​អភិនិហា និងកំប្លុកកំប្លែង ប៉ុន្តែក្នុងសាច់រឿងទាំងមូល បានបង្កប់នូវការអប់រំ ភាពស្មោះត្រង់របស់ស្រី្តជាភរិយា ពិធីអន្ទងព្រលឹង ជំនឿ និងវប្បធម៌ផ្សេងៗគ្នាមួយចំនួនទៀត មានទាំងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរ និងវប្បធម៌បែបបរទេស ដើម្បីឲ្យអ្នកទស្សនាមើលឃើញថា ភាពយន្តមួយនេះ មានគ្រប់រសជាតិ គ្រប់ទម្រង់ទាំងអស់ ដែលធ្វើឲ្យភាពយន្តមានភាពរស់រវើកឡើង អាចឲ្យអ្នកទស្សនាទទួលយកបាន។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៨ ​នេះ ផលិតកម្ម «Wonder Film» នឹងសម្រេចដាក់បញ្ចាំងរឿងរបស់ខ្លួន​ ចំនួន២រឿងផ្សេងទៀត មានដូចជារឿង «ផ្ទះចិញ្ចឹមខ្មោច» និងរឿង «អន្ទងវិញ្ញាណ»។ រឿង «ផ្ទះចិញ្ចឹមខ្មោច» នឹងបញ្ចាំងខែកុម្ភៈ ឆ្នាំ២០១៨ ហើយរឿង «អន្ទងវិញ្ញាណ» ដែកកំពុងដំណើរការថតនេះ នឹងដាក់តាមរោងកុន នៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ​រឿង «អន្ទងវិញ្ញាណ» នឹងចេញថតរយៈពេល៤ខែ។ ចំណែកការចំណាយ​ស្ថិតនៅលើភាពជាក់ស្តែង តាមអ្វី​ដែលក្រុមការងារ​ បានកំណត់ និងតាមតម្រូវការ៕