(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ ខណៈដែលប្រជាពលរដ្ឋបានត្រៀមលក្ខណៈរួចរាល់ ហើយរាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា លទ្ធផលបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា មិនត្រូវការប្រធានាធិបតីប្រទេសដទៃទួលស្គាល់នោះឡើយ គឺប្រជាពលរដ្ឋបោះឆ្នោតរួចគឺជាការស្រេច។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលរំលាយ និងការផ្អាកសកម្មភាពថ្នាក់ដឹកនាំបក្សប្រឆាំងនេះចំនួន ១១៨រូបពាក់ព័ន្ធទោសក្បត់ជាតិ នឹងមិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ច្បាប់នៅកម្ពុជា រដ្ឋធម្មនុញ្ញនៅកម្ពុជា មិនតម្រូវឲ្យទៅចុះហត្ថលេខាពីប្រធានាធិបតីប្រទេសដទៃ ឬ ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទើបហៅថាការបោះឆ្នោតមានភាពស្របច្បាប់នោះដែរ។ ប្រជាជនចូលរួមបោះឆ្នោតជាការគ្រប់គ្រាន់»

«ឥឡូវប្រជាជនបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោត រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ហើយដែរសម្រាប់ការបោះឆ្នោត ការចុះឈ្មោះ ធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយ ដំណើរការនឹងចាប់ផ្តើមតាមការគ្រោងទុកទោះមាននរណា បក្សប៉ុន្មានចូលរួម»។ សម្តេចតេជោ បានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨កម្ពុជា នឹងរៀបចំការបោះឆ្នោតចំនួនពីរ រួមមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា។

ព្រោះតែការរំលាយគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចផ្តាច់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា ហើយពួកគេបានប្រកាសដែរថា នឹងមិនទទួលស្គាល់ការបោះឆ្នោតនេះឡើយ។

បើទោះបីគ្មានជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តែខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ការបោះឆ្នោតឆ្នាំ២០១៨នៅតែដំណើរការជាធម្មតាជាមួយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរនោះ៕