(ភ្នំពេញ)៖ របាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧ និងទិសដៅ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានកត់ស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការបញ្ជៀសទាន់ពេលវេលា នូវគ្រោះមហ​ន្តរាយសម្រាប់ជាតិ និងប្រជាពលរដ្ឋ ហើយនាំមកនូវសុខសន្តិភាពជូនប្រទេសកម្ពុជា។

របាយការណ៍នេះត្រូវបានផ្សព្វផ្សាយ នៅក្នុង​សន្និបាត​ប៉ុស្ដិ៍​នគរបាល​ទូទាំង​ប្រទេស លើក​ទី​២ និង​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​។​

របាយការណ៍បានបង្ហាញថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ បើទោះបីជាមានសកម្មភាពញុះញង់ បង្កើតឱ្យមានកូដកម្ម បាតុកម្មតវ៉ាប្រឆាំងពីសំណាក់ក្រុមអគតិ ជ្រុលនិយមក្នុងចេតនាបំពុលបរិយាកាសនយោបាយ និងសន្តិសុខសង្គមក្តី ក៏បញ្ហាទាំងនោះ ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយទប់ស្កាត់បាននូវអំពើហិង្សា និងបង្រួមទំនាស់មិនឱ្យរីករាលដាលបង្កឱ្យមានចលាចលសង្គមបានឡើយ។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍ដែលត្រូវបានកត់សម្គាល់នោះ គឺចំណាត់ការខាងផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ចំពោះជនក្បត់ជាតិ និងការរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូល ពីបទឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងឧបាយកលសកម្មភាព ធ្វើបដិវត្តពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ខុសពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ»

របាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧ និងទិសដៅ២០១៨ បានបង្ហាញទៀតថា ការបង្រ្កាបរបស់រាជរដ្ឋាភិបាល គឺជាការបញ្ជៀសទាន់ពេលវេលា នូវគ្រោះមហ​ន្តរាយរបស់ប្រទេសជាតិ ការពារបាននូវសុខសន្តិភាពជូនប្រទេសជាតិ និងត្រូវ​បានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ជាន់ថ្នាក់ចូលរួមគាំទ្រ និងអបអរសាទរ ប្រកបដោយការជឿជាក់។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕