(ពោធិ៍សាត់)៖ ដើម្បីចូលរួមចំណែកសម្រេចតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការបង្កើតស្រះជម្រកត្រីសហគមន៍នៅទូទាំងប្រទេស ឲ្យបាន១,២០០ស្រះ នៅឆ្នាំ២០១៩ អង្គការ World Fish សហការជាមួយរដ្ឋបាលជលផលពោធិ៍សាត់ និងអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារ អាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) បានបើកសិក្ខាសាលាឆ្លុះបញ្ចាំង លើលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ របស់គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់ការទី២។

សិក្ខាសាលានេះធ្វើឡើងចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារពោធិ៍សាត់ សេនជូរី ក្រោមវត្តមានលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ តំណាងលោក​ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក គឹម មីរ៉ាតូរី ប្រធានគម្រោងរបស់អង្គការ World Fish លោកស្រី ឡូវ សំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ ដែលមានសិក្ខាកាមចូលរួមមកពីតំណាងសហគមន៍ទាំង៣០ ក្នុងខេត្ត តំណាងក្រុមប្រឹក្សាឃុំ ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធសរុបប្រមាណ ១២០នាក់។

លោកស្រី ឡូវ សំណាន និងលោក គឹម មីរ៉ាតូរី បានលើកឡើងពីគោលបំណងនៃសិក្ខាសាលា ដើម្បីឲ្យសិក្ខាកាមទាំងអស់បានជួយជុំគ្នា ចែករំលែកបទពិសោធ ការអនុវត្តផែនការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីទាំង៣០ ក្នុងខេត្ត ឆ្លុះបញ្ចាំង និងកែលម្អរផែនការគ្រប់គ្រងស្រះជម្រកត្រី និងបង្កើតកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីយកអនុសាសន៍ ទៅអនុវត្តនៅឆ្នាំក្រោយទៀត ដោយធ្វើយ៉ាងណាឲ្យធនធានជលផល សម្បូរឡើងវិញនៅតាមវាលស្រែ បឹងបួ ស្រះ ប្រឡាយ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើង។

នាឱកាសនោះ លោក ចាប នាង បានលើកឡើងថា នេះជាឱកាសល្អ និងមានសារៈសំខាន់បំផុត ព្រោះថាវាជាការឆ្លុះបញ្ចាំងដកស្រង់បទពិសោធន៍ ទៅលើចំណុចខ្លាំង និងចំណុចខ្សោយ នៃការអនុវត្តគម្រោង ដែលទាមទារឲ្យយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព។ លោកអភិបាលក្រុងបន្ថែមថា ភោគផលធនធានធម្មជាតិកាលពីមុនមានការកើនឡើង និងពេលនេះមានការថយចុះ ព្រោះថាធនធានធម្មជាតិ និងសេចក្តីត្រូវការរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ មិនតុល្យភាពគ្នាទេ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក្រោមការដឹកនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋបាលជលផល រួមទាំងអង្គការដៃគូបាននិងកំពុងខិតខំរកវិធីសាស្ត្រ ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍ និងការអភិរក្សមានតុល្យភាពនឹងគ្នា តាមរយៈការនេសាទប្រើឧបករណ៍ខុសច្បាប់ និងនេសាទខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ តាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរ គឺធ្វើយ៉ាងខិតខំបង្កើតស្រះជម្រត្រីសហគមន៍ ឲ្យបានចំនួន១,២០០ស្រះ ទូទាំងប្រទេស ជាក់ស្តែកក្នុងខេត្តពោធិ៍សាត់ បានចំនួន៣០ស្រះហើយ និងបន្តបន្ថែមទៀត៕