(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។​ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីប្រកាសនេះបានគូសបញ្ជាក់ថា ការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោលការជ្រើសរើសរបស់ពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សនេះនៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។ សេចក្ដីសម្រេចរំលាយគណបក្ស សង្រ្គោះជាតិក៏មានន័យផងដែរថា គណបក្សនេះនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះបានឡើយ៕