(ឧត្តរមានជ័យ)៖ កងទ័ពដែលកំពុងឈរជើងការពារទឹកដីលើដែនអតីតសមរភូមិដ៏ស្រួចស្រាវ និងជាជម្រកចុងក្រោយរបស់មេខ្មែរក្រហម នៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ បានបង្ហាញការប្តេជ្ញាយ៉ាងប្តូរផ្តាច់ក្នុងការពាររាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ដែលពួកគេចាត់ទុកជាស្ថាបនិកសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ កងទ័ពដែលជាភាគច្រើនមានអតីតភាពជាកូនចៅកងទ័ពខ្មែរក្រហម ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលអំពាវនាវឲ្យកងទ័ពងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល។

ការប្រកាសរបស់កងទ័ពលើដែនដីអតីតតំបន់តស៊ូរបស់ខ្មែរក្រហម បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានលាតត្រដាងពីល្បិចកិច្ចកលរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រហូតឈានដល់ការរំលាយចោលតាមអំណាចច្បាប់។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព។

នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកថា កងទ័ពទាំងអស់ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវដឹងថា កងទ័ពអព្យាក្រឹត្យចំពោះគណបក្សនយោបាយ តែមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលនោះឡើយ ពោលកងទ័ពត្រូវតែការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់។

ក្រោយពីបានស្តាប់នូវការពន្យល់ និងណែនាំ នាយទាហាន នាយទាហានរង និងពលទាហាន បានបង្ហាញពីការជឿជាក់មុតមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនកងទ័ពបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរដែលស្រឡាញ់ជាតិមាតុភូមិ និងជាឥស្សរជនខ្មែរ ដែលបានបង្រួបបង្រួមជាតិមាតុភូមិស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជាយ៉ាងពិតប្រាកដ។

ក្រុមកងទ័ពបានលើកជាឧទាហរណ៍ថា ក្រោមស្មារតីបង្រួបបង្រួមនេះ បានធ្វើឲ្យពួកគេដែលមានឈាមជ័រជាកូនចៅទ័ពខ្មែរក្រហម អាចរួមរស់ដោយក្តីសុខក្រោមដំបូលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបានអភិវឌ្ឍន៍ជីវភាពឲ្យល្អប្រសើរជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន។

កងទ័ពបានអំពាវនាវទៅដល់ក្រុមជនក្បត់ជាតិ កុំព្យាយាមបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រោះពួកគេមិនចង់ឃើញការបែកបាក់ និងវិនាសអន្តរាយរបស់ជាតិ ដូចអតីតកាលទៀតនោះឡើយ៕