(អាហ្សង់ទីន)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានថ្លែងទទូចដល់ប្រទេសអភិវឌ្ឍន៍ ដែលជាសមាជិករបស់ WTO បន្តអនុវត្តឲ្យបានពេញលេញនូវសេចក្តីប្រកាសទីក្រុងណៃរូប៊ី (Nairobi) និងបាលី (Bali)។ ជាពិសេសពាក់ព័ន្ធវិស័យអាទិភាពមួយចំនួនដូចជា ការរួចពន្ធគយ និងមិនកំណត់កូតា (DFQF) ប្រធានប្រភពដើមទំនិញ (Rules of Origin) ការលើកលែងកាតព្វកិច្ចក្នុងពាណិជ្ជកម្មសេវា (Service Waiver) ប្រព្រិត្តកម្មពិសេស និងដាច់ដោយទ្បែក (S&DT) ជាដើម។

ការអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី១១ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

លោក ប៉ាន សូរស័ក្តិ បានលើកទ្បើងអំពីសារៈសំខាន់ និងភាពចាំបាច់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីរបស់អង្គការ WTO និងការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីទទួលបានភាពអនុគ្រោះ និងជំនួយបច្ចេកទេសនានាក្នុងការគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រោមក្របខណ្ឌអង្គការ WTO ប្រទេសអភិវឌ្ឍន៍ត្រូវមានតួនាទីជួយគាំទ្រដល់ប្រទេស LDCs ក្នុងការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី តាមរយៈការផ្តល់ភាពអនុគ្រោះផ្សេងៗដូចជា ច្រកចូលទីផ្សារ ការពង្រីកទំហំពាណិជ្ជកម្ម ការផ្តល់ជំនួយបច្ចេកទេសនានា ការជួយធ្វើពិពិធកម្មទីផ្សារ និងការផ្ដល់ភាពទន់ភ្លន់ (flexibilities) ជាដើម៕