(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ុច បូររិទ្ធ និងឧបការីរងរដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Patrick Murphy អមដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផងនោះ បាននិងកំពុងជួបជជែកគ្នាលើបញ្ហាមួយចំនួន នៅទីស្តីការក្រសួងការបរទេសកម្ពុជា នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

ជំនួបពិភាក្សានេះគេមិនទាន់បានទម្លាយនូវប្រធានបទ ដែលលើកមកជជែកនៅឡើយនោះទេ។ តែជាការកត់សម្គាល់ជំនួបបានធ្វើឡើង ចំពេលដែលទំនាក់ទំនងនៃប្រទេសទាំងពីរ ហាក់កំពុងមានភាពល្អក់កករ។

ជាពិសេសនៅពេលថ្មីៗនេះក្រសួងការបរទេសបរទេសអាមេរិក បានប្រកាសពីការរឹតត្បិតក្នុងការផ្តល់ទិដ្ឋាការ ដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា រួមនិងគ្រួសារ។

សូមបញ្ជាក់ថាលោក Patrick Murphy ធ្លាប់បានមកកាន់ប្រទេសកម្ពុជារួចម្តងមកហើយ កាលពីឆ្នាំ២០១៦ មុនពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ជំនួបកាលនោះ លោក Patrick Murphy បានអះអាងថា នឹងជំរុញឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក មានភាពល្អប្រសើរ៕