(ភ្នំពេញ)៖ លោក ច័ន្ទ សារុន ប្រធានសហ័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអំពាវនាវដល់មហាគ្រួសារ ល្បុក្កតោក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមគ្នាអភិរក្ស និងអភិវឌ្ឍវិស័យក្បាច់គុនល្បុក្កតោ ដែលជាកេរិ៍ដតំណែលរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក ឲ្យកូនចៅជំនាន់ក្រោយ ជួយអភិរក្ស និងថែរក្សា ក្បាច់គុនដួងព្រលឹងជាតិ និងបន្តអភិវឌ្ឍន៍ ឲ្យល្បីសុះសាយរន្ទឺពេញពិភពលោក។

លោកបានថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួត កីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ នៅក្នុងសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៧។

លោក ច័ន្ទ សារុន មានថ្លែងថា កីឡាល្បុក្កតោ ត្រូវការឯកភាពគ្នាមួយ ដើម្បីអភិវឌ្ឍកីឡានេះ ឆ្ពោះទៅរកភាពជោគជ័យ នៅលើឆាកអន្តរជាតិ។ ប៉ុន្តែមុនឈានដល់ដំណាក់កាលជោគជ័យ សហព័ន្ធ ត្រូវការគាំទ្រពីមហាជន និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមហាគ្រូសារកីឡាគុនល្បុក្កតោទាំងអស់ ត្រូវរួបរួមគ្នា និងបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ ដើម្បីជំរុញដល់កម្រិតបច្ចេកទេស របស់កីឡាករកីឡាការិនី បានផ្លាស់ប្តូរបទពិសោធន៍ និងកែលម្អចំណុចដែលខ្វះចន្លោះ ឈានឆ្ពោះទៅរកឧត្តមភាព ក្នុងការប្រកួតប្រជែង លើឆាកអន្តរជាតិផ្សែងៗ ដូចជាការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ជាដើម។

លោកបន្តថា ចំពោះការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡានេះ សហព័ន្ធបានត្រៀមលក្ខណៈរួចហើយ ក្នុងការបណ្តុះបណ្តាលយុវជនវ័យក្មេង សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ប៉ុន្តែលោកស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ដូចជា គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តំណាងសមាគមក្លិប ត្រូវរួមគ្នាជំរុញវិស័យកីឡាគុនល្បុក្កតោ ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឲ្យខាងតែបាន។

ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា ចំពោះការរៀបចំឯកសារ ដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ជាសម្បត្តិមនុស្សជាតិ នៅអង្គការយូណេស្កូវិញ គឺកម្ពុជាយើង មានសង្ឃឹមទទួលបានជោគជ័យច្រើន ព្រោះភាគីអង្គការ បានទាមទារឯកសារពាក់ព័ន្ធបន្ថែម ជាបន្តបន្ទាប់ ហើយកម្ពុជា ក៏បានផ្តល់ជូនឯកសារតាមការចង់បាន របស់អង្គការបេតិកភ័ណ្ឌពិភពលោកនេះ ជាច្រើនហើយដែរ៕