(សៀមរាប)៖ បញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ គឺជារឿងរសើបនាពេលកន្លងមក ដែលអង្គការយូណេស្កូ ក៏ដូចជាគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ធ្លាប់បង្ហាញការព្រួយបារម្ភ និងផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហេតុដូច្នេះ ទើបក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្ស នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យមើលការងារចុះរុះរើសំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ។

ក្នុងពេលចុះត្រួតពិនិត្យនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នោះ អ្នកជំនាញបានលើកឡើងថា ការលួចសាងសង់ខុសច្បាប់ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត នាឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ ហើយអង្គការយូណេស្កូ ក៏បានសម្តែងសេចក្តីព្រួយបារម្ភផងដែរ។

ក្នុងការជូនដំណើរក្រុមជំនាញការជាន់ខ្ពស់ទៅពិនិត្យសំណង់ខុសច្បាប់ដែលត្រូវបានរុះរើនេះ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីឆន្ទៈមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ជាពិសេសតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដែលមិនធ្វើឲ្យប៉ះពាល់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ និងការគោរពនូវបទដ្ឋានបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវដំណោះស្រាយមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង សម្រាប់ដោះស្រាយនូវកំណើនប្រជាជននៅក្នុងតំបន់អង្គរ នោះគឺការបង្កើតទីកន្លែងប្រកបដោយភាពងាយស្រួលរស់នៅមួយកន្លែង ដែលនៅក្រៅតំបន់បេតិកភណ្ឌ ដើម្បីជូនដល់ប្រជាពលរដ្ឋដែលចង់បំបែកគ្រួសារ ហើយស្ម័គ្រចិត្តទៅរស់នៅ។ ទីកន្លែងដែលត្រូវបានបង្កើតនោះ គឺគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលសព្វថ្ងៃមានប្រជាពលរដ្ឋបានស្ម័គ្រចិត្តទៅរស់នៅប្រមាណជាង១០០គ្រួសារ។

ក្រោយពិនិត្យទីតាំងមួយចំនួនហើយ ក្រុមអ្នកជំនាញការជាន់ខ្ពស់នឹងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលម្អិតបន្ថែមទៀត ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរខាងមុខ ដើម្បីរិះរកដំណោះស្រាយបន្ថែម លើការងារទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ដែរថា ក្រៅពីពិនិត្យមើលការងាររុះសំណង់ខុសច្បាប់ ក្រុមអ្នកជំនាញការជាន់ខ្ពស់ ក៏បានចុះពិនិត្យមើលការដ្ឋានជួសជុលនៅតាមប្រាសាទជាច្រើន ដោយរួមទាំងផ្លូវវង់ធំ ដែលគ្រោងនឹងធ្វើការជួសជុលនាពេលខាងមុខនេះផងដែរ៕