(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីក្នុងទឹកប្រាក់៥០លានដុល្លារ ដើម្បីជួយពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន៤ របស់ប្រទេសកម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់ រួមមានទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅរសៀល ថ្ងៃទី១២ ខែធ្នូនេះ បានដកស្រង់សំដីរបស់ លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ថា «ខណៈពេលដែលប្រទេសកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួន ក្នុងល្បឿនមួយដ៏លឿន គេចាំបាច់ត្រូវធានាយ៉ាងណាឲ្យប្រជាពលរដ្ឋ អាចទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ដើម្បីទ្រទ្រង់ដល់ផលិតភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាកែលំអបរិស្ថានក្នុងទីក្រុងផងដែរ»

លោកបញ្ជាក់ថា «ធនាគារអភិវឌ្ឍន៍អាស៊ី នឹងសហការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាយ៉ាងណាឲ្យប្រជាពលរដ្ឋ អាចទទួលបានសេវាជាមូលដ្ឋានក្នុងទីក្រុងទាំងនេះ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទីក្រុង ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ»

បើយោងតាម ADB គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅទីក្រុងធំៗចំនួន៤នេះ ត្រូវចំណាយថវិកាសរុបចំនួន១១៩.១៧លានដុល្លារអាមេរិក ក្នុងនោះ ADB ផ្តល់កម្ចី៥០លានដុល្លារ, មូលនិធីជប៉ុនផ្តល់ហិរញ្ញប្បទាន ក្នុងទឹកប្រាក់១០លានដុល្លារ, ភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ចូលរួមផ្តល់ហិរញ្ញប្បទាន៤០លានអឺរ៉ូ (ស្មើនឹង ៤៣.៥៤លានដុល្លារ), ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១០.៥៤លានដុល្លារ និងកម្មវិធីវិនិយោគអាស៊ី របស់សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណជា ៤.៦៧លានអឺរ៉ូ (ស្មើនឹង៥.០៩លានដុល្លារ)។

ADB បានបញ្ជាក់ទៀតថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០១៨ និងបញ្ចប់នៅឆ្នាំ២០២២ ក្នុងទីក្រុងសំខាន់ៗរបស់កម្ពុជាចំនួន៤​ រួមមាន ទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ៕