(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រកាសសង្កត់ធ្ងន់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវបំផុត។ សម្តេចបន្តឲ្យដឹងថា បើនៅតែទុក គណបក្សមួយនេះទៀត ច្បាស់ណាស់នឹងមានបដិវត្តពណ៌នៅកម្ពុជាកើតឡើង អាចឈានដល់ការបំផ្លាញសន្តិភាព ជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ខណៈសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺន ជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

ថ្លែងបញ្ជាក់នៅចំពោះមុខ កងទ័ពរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងធ្វើត្រូវហើយ យើងកាត់ក្បាល យើងរំលាយដងខ្លួនវិញ គឺជាការត្រឹមត្រូវហើយ បើទុកវាសង្រ្គាមនឹងផ្ទុះឡើងនៅក្នុង ប្រទេសកម្ពុជា រឿងតែប៉ុណ្ណឹងទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលបានបំប៉ោងព័ត៌មានថា សម្តេចស្លាប់បាត់បង់ជីវិតម្តងជា២ដង ដែលសម្តេចចាត់ទុកថា ការនិយាយ មិនពិតបែបនេះច្បាស់ណាស់ គឺចេញពីក្រុមប្រឆាំងរដ្ឋាភិបាល ដែលមានបំណងចង់បង្កអស្ថិរភាពនៅកម្ពុជាតែម្តង។

កន្លងមក ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថា បើទោះបីអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតទៀតនោះ ក៏ដំណើរការបោះឆ្នោតនៅកម្ពុជានៅតែបន្ដដំណើរការដដែល ជាក់ស្ដែងនៅពេលខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយ គណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិត ជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាស ហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕​