(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ដើម្បីវិភាគទៅលើបញ្ហា និងព្រឹត្តិការណ៍នានាទាំងជាតិ និងអន្តរជាតិ សម្តេចបានឈរលើគោលការណ៍ចំនួន៣។ គោលការណ៍ទាំង៣នោះរួមមាន៖ ទស្សនៈប្រវត្តិសាស្រ្ត, ចារវិទ្យា និងឡូហ្ស៊ីក។

ការថ្លែងបញ្ជាក់របសសម្តេចបានធ្វើឡើងសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនានានៃសាលាបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកថា អ្នកចារកម្មត្រូវតែឈរលើគោលការណ៍ទាំង៣នេះ ប្រសិនបើមិនឈរលើគោលការណ៍ទាំងនេះទេ មិនអាចវិភាគបានត្រឹមត្រូវនោះឡើយ។

ក្រៅពីការឈរលើគោលការណ៍ទាំង៣នេះហើយសម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយផងដែរថា សម្តេចមានក្រុមវិភាគផ្ទាល់ខ្លួនមួយឈ្មោះ CAP សម្រាប់វិភាគព្រឹត្តិការណ៍នានាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា CAP នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧៕