(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឯ​កសណ្ឋានជាយោធាពាក់ផ្កាយមាស៥នៅលើស្នា បានប្រកាសប្រាប់ទៅ អ្នកទាំងឡាយណាដែលកំពុងបញ្ជាបដិវត្តន៍ពណ៌ ឬបន្តរៀបចំគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬកំពុងបញ្ជាពីក្រៅប្រទេស គឺត្រូវតែបញ្ឈប់សកម្មភាពនេះជាដាច់ខាត និងជាបន្ទាន់​។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន​ សែន)

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដធានាចំពោះមុខពលរដ្ឋថា មិនឲ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជាជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ហើយជនណាដែលព្យាយាមធ្វើសកម្មភាពទាំងនេះ នឹងត្រូវបន្ដកំចាត់ចោលជាបន្ដបន្ទាប់ផងដែរ ព្រោះសន្ដិភាព និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះ គឺរកបានដោយលំបាក។

ការមានប្រសាសន៍យ៉ាងដូច្នេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា អ្នកទាំងឡាយដែលធ្លាប់បានបញ្ជាទៅលើបដិវត្តន៍ពណ៌ និងរួមចំណែកបដិវត្តន៍ពណ៌ និងបញ្ឈប់ជាមួយនឹងទង្វើទាំងនេះ ព្រោះថា នៅទីនេះគឺជាតំបន់ដែលខ្ញុំកំពុងនិយាយនៅចំពោះមុខចារកម្មកងទ័ព ហើយអ្នកបានដឹងហើយថា ឈ្មោះថា ឃឿនការពារជាតិរបស់ប្រជាជន គឺមិនមែនជាឈ្មោះធម្មតានោះទេ​»

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវកងទ័ពមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងថែមទៀត ​មិនអាច​ឲ្យបដិវត្តន៍កើតមាននៅកម្ពុជានោះឡើយ ថ្វីត្បិតតែកម្ពុជាបានវៃបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន នៃអង្គការបដិវត្តន៍ពណ៌ នៅក្នុងប្រទេសរួចស្រេចទៅហើយ។​

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានឲ្យដឹងផងដែរថា ​មូលហេតុដែលកម្ពុជារំលាយអង្គការចាត់តាំងបដិវត្តន៍ពណ៌បានដោយជោគជ័យនោះ ដោយសារតែ​មានការសាមគ្គីភាពគ្នាខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ដែលចង្អុលបង្ហាញ ទប់ស្កាត់ និងមានភាពរស់រវើកក្នុងការដោះស្រាយបញ្ហា៕