(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មការរៀបចំការបោះឆ្នោត នៃប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) ក្នុងគោលបំណងស្វែងយល់ អំពីការបោះឆ្នោតនៅកម្ពុជា ក្នុងនោះប្រតិភូកូរ៉េ ក៏បានលើកឡើងថា បច្ចុប្បន្នខ្លួនកំពុងស្ថិត នៅជាសមាជិកសមាគមរៀបចំការបោះឆ្នោតពិភពលោក (A-WEB) និងបានបញ្ចុះបញ្ចូលឲ្យ គ.ជ.ប ចូលជាសមាជិក A-WEB នេះផងដែរ។

ការជួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការ គ.ជ.ប នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានលោក សំ សាវុធ នាយខុទ្ទកាល័យប្រធាន គ.ជ.ប និងលោក គីម ជីងមុក ប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការបោះឆ្នោតអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ។

ក្នុងជំនួបនោះ លោក គីម ជីងមុក បានលើកឡើងពីការសារៈសំខាន់ នៃការចូលជាសមាជិករបស់សមាគមរៀបចំការបោះឆ្នោតពិភពលោក និងបានណែនាំឲ្យកម្ពុជា ចូលជាសមាជិកនៃសមាគមនោះផងដែរ។ ចំណែកភាគី គ.ជ.ប មិនទាន់អាចបញ្ជាក់ពីការសម្រេចចិត្តបានទេ ដោយលោក សំ សាវុធ បានឆ្លើយតបវិញថា នឹងពិនិត្យលើបញ្ហានេះ បន្តជាមួយថ្នាក់ដឹកនាំ គ.ជ.ប ជាមុនសិន៕

ខាងក្រោមនេះ ជាសេចក្ដីប្រព័ត៌មានរបស់ គ.ជ.ប អំពីលទ្ធផលនៃជំនួបខាងលើ៖