(ភ្នំពេញ)៖ នៅម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចោរឆក់ទាំង ០២នាក់ នេះមាន៖

១៖ ឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ , ២/ ឈ្មោះ គីម ឆៃលី ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣:៤៥នាទី បន្ទាប់ពីពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពឆក់ការបូបស្ពាយ ពីជនរងគ្រោះជាជនបរទេស ដែលកំពុងធ្វើដំណើរតាមផ្លូវ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាតប្រទះឃើញ ក៏ប្រដេញតាមភ្លាមៗ រហូតដល់ចំណុចផ្លូវ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ពួកគេទាំង ០២នាក់ នេះ បានតែម្តង។

ក្រោយពេលឃាត់ខ្លួនបានពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលធ្វើសកម្មភាពពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា BEAT ពណ៍ផ្កាឈូកលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1GP-0227 ក្នុងគោលបំណងឆក់វត្ថុមានតម្លៃពីអ្នកដំណើរដូចរាល់ដង នៅម្តុំវិមានឯករាជ្យ ដោយឈ្មោះ គីម ឆៃលី ជាអ្នកឌុប ហើយពួកគេជិះទៅវិញទៅមក ពីវិមានឯករាជ្យ ដល់មុខផ្សារឡាក់គី ក៏បានឃើញជនបរទេសប្រុសស្រី ០២នាក់ កំពុងដើរស្ពាយការបូប លើដងផ្លូវ ដោយឃើញឳកាសល្អ ពួកគេ បានជិះម៉ូតូទៅក្បែរជនបរទេសទាំង ០២នាក់នោះ ហើយបានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះតែម្តង តែជាសំណាងមិនល្អ ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ បានប្រដេញតាមរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង ០២នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតែម្តង៕