(ភ្នំពេញ)៖ បុរី ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយការចែកសម្ភារៈសិក្សាដល់ក្មេងៗជនបទ នៅក្នុងខេត្តកំពត និងខេត្តតាកែវ ក្នុងគោលបំណងជួយដល់សិស្សានុសិស្ស និងសាលារៀនដែលជួបភាពខ្វះខាត។

កម្មវិធីដែលប្រារព្ធធ្វើនៅដើមខែធ្នូនេះ បង្កើតឡើងដោយ បុរី ប៉េង ហួត គ្រុប និងក្រុមហ៊ុនសហការ ដូចជា មន្ទីរពេទ្យជោរៃភ្នំពេញ មន្ទីរព្យាបាលធ្មេញបស្ចិម ក្រុមហ៊ុន G Gear Co.,Ltd (LG) និង​ក្រុមហ៊ុន Pablo Coffee Catering Service។ ជាមួយគ្នានេះដែរថ្នាក់ដឹកនាំ និងបុគ្គលិករបស់ បុរី ប៉េង ហួត​​ គ្រុបបានជួយដល់កុមារជនបទ ប្រមាណជាជាង​ ៤៣០នាក់ ដែលកំពុងជួបភាពខ្វះខាតចាំបាច់ ក្នុងការទទួលយកការសិក្សាអប់រំ ដែលពេញលេញមួយ រួមទាំងគ្រូបង្រៀនជាង៣៨នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ​ លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស តំណាងឲ្យថ្នាក់ដឹកនាំបុរី ប៉េង ហួត គ្រុប និងសហការីទាំង​អស់បានថ្លែងថា «ក្នុងថ្ងៃដ៏ពិសេសនេះ បុរី ប៉េង ហួត គ្រុបមានសេចក្តីរីករាយជាខ្លាំង ដែលបានជួបជុំជាមួយសិស្សានុសិស្សនៅទីនេះទាំងអស់គ្នា។ យើងខ្ញុំរួមទាំងដៃគូសហការបានរៀបចំជាកម្មវិធីចែកសម្ភារៈសិក្សានេះឡើង ក្នុងគោលបំណងលើកស្ទួយកុមារជនបទ ទទួលបានភាពកក់ក្តៅ និងទទួលបានឱកាសដូចកុមារដទៃទៀតផងដែរ»

លោកអ៊ុក វីឡា បានថ្លែងថា ការទទួលបានការអប់រំយ៉ាងពេញលេញគឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សង្គមជាតិទាំងមូល ដូច្នេះហើយ បុរី ប៉េង ហួត គ្រុបក៏បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែក លើកស្ទួយ ការជំរុញ គ្រាំទ្រដល់វិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានសម្រាប់ប្រទេសយើងតទៅថ្ងៃអនាគត ដែលសកម្មភាពនេះ នឹងនៅតែមានជាបន្តបន្ទាប់រហូតទៅ។

លោកផាន់ សុខា «នាយកផ្នែកហិរិញ្ញវត្ថុ មន្ទីពេទ្យជោរៃភ្នំពេញ តំណាងឲ្យក្រុមហ៊ុនដៃគូសហការទាំងអស់បានឲ្យដឹងថា ថ្ងៃនេះគឺជាលើកទីមួយហើយដែលខាងមន្ទីពេទ្យជោរៃភ្នំពេញ បានសហការជាមួយ​បុរី ប៉េង ហួត គ្រុបហើយក៏ជាពេលវេលាមួយដែលធ្វើឲ្យក្មួយៗសប្បាយរីករាយផងដែរ។ ការធ្វើកម្មវិធីសប្បុ​រសធម៌នេះ មិនមែនជាផលប្រយោជន៍បុគ្គលណាមួយឡើយ តែនេះជាសកម្មភាពសប្បុ​រសធម៌ រួមចំណែកដែលយើង ធ្វើឡើងដើម្បីជាការផ្តល់ស្នាមញញឹម ដល់កុមារនឹងធ្វើឲ្យពួកគេខិតខំប្រឹងប្រែង ក្នុងការសិក្សាឲ្យក្លាយខ្លួន ជាសសរទ្រូងប្រទេសជាតិនាពេលអនាគតនេះ»។​

ជាចុងក្រោយ លោកប្រាក់ រុន នាយកសាលា​បឋមសិក្សាព្រៃបាយ មានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់បុរី ប៉េង ហួត គ្រុបដែលមានទឹកចិត្តស្មោះសរជូនជាអំណោយ សម្ភារសិក្សា និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ជាពិសេសបង្ហាញពីការគិតគូរដល់កុមារៗដែលជាទំពាំងស្នងឬស្សីរបស់យើងខ្ញុំ។ សូមជូនពរដល់បុរី ប៉េង ហួត គ្រុប និងដៃគូសហការទាំងអស់ឲ្យជួបតែសេចក្តីសុខ សំណាងល្អ ធ្វើដំណើរត្រលប់ទៅវិញយ៉ាងរលូន ព្រមទាំងបន្តជួយជំរុញសកម្មភាពមនុស្សធម៌ជារៀងរហូតតទៅ ។

បន្ទាប់ពីអ្នកតំណាងរបស់បុរី ប៉េង ហួត គ្រុបបានជូនកាតាបនិងសម្ភារៈដល់លោកនាយកសាលា ក្រុមការងារក៏បានចាប់ផ្តើមចែកកាតាបនិងសម្ភារៈដល់កុមារៗ ព្រមទាំងបានរៀបចំសម្ភារៈមួយចំនួន ក្នុងបណ្ណាល័យ។ សកម្មភាពបន្តអមជាមួយដៃគូសហការ មន្ទីរពេទ្យជោរៃភ្នំពេញ និងមន្ទីរព្យាបាលធ្មេញបស្ចិម បានអប់រំកុមារៗពីចំណេះដឹង មូលដ្ឋានការរស់នៅប្រចាំថ្ងៃ រួមមានសកម្មភាពសម្អាតខ្លួនប្រាណ និងចែកសម្ភារសម្អាតធ្មេញ ថ្នាំដុះធ្មេញនិងច្រាសដុះធ្មេញផ្សេងៗ។

ក្រុមការងាររបស់បុរី ប៉េង ហួត គ្រុបក៏បាននាំយកបច្ច័យចំនួន ៥០០​ដុល្លារ និងសៀវភៅធម៌២៣ឈុតប្រគេន ដល់ចៅអធិការវត្តភ្នំតូច ខេត្តកំពត និង ផ្តល់ជូនកាតាប និងសម្ភារសិក្សាមួយចំនួនទៀត ដល់កុមារកំព្រាចំនួន៣៥នាក់នៅ មណ្ឌលកុមារកំព្រាស្មោង ស្ថិតក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

កម្មវិធីចែកសម្ភារសិក្សាដល់ក្មេងៗនេះផងដែរជាការបញ្ជាក់ឲ្យឃើញពីសកម្មភាពមនុស្សធម៌ ការយកចិត្តទុកដាក់លើកុមារជាទំពាងស្នង់ឫស្សីទទួលបានឱកាសឧបត្ថម្ភការសិក្សាយ៉ាងពេញលេញ និងការផ្តល់ស្នាមញញឹមដល់ពួកគេ ជាសកម្មភាពជំរុញកំលាំងចិត្តក្នុងការខិតខំរៀន និងអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ៖ 015 90 6789, Email: [email protected]​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth៕