(ភ្នំពេញ)៖ បើទោះបី​ម្ចាស់បន្ទប់ជួលមួយចំនួនធំ មិនបាន​តម្លើងថ្លៃតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាហើយនោះ ក៏នៅមានម្ចាស់បន្ទប់ជួលមួយតូចចំនួន នៅតែគឃ្លើននឹងការអំពាវនាវរបស់សម្ដេចតេជោដដែល ជាក់ស្ដែងម្ចាស់បន្ទប់ជួលដែលមានជាង៤០០បន្ទប់ នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បាន​ឡើងថ្លៃបន្ទប់ជួលរបស់ខ្លួនពី៥ដុល្លារ ទៅ១០ដុល្លារ រួចបាត់ទៅហើយ។

ក្រៅពីការតម្លើងថ្លៃបន្ទប់ជួលដែលមិនមានអនាម័យល្អ និង​ទឹកប្រើប្រាស់មាន​កំបោរខ្លាំង ហើយថ្លៃភ្លើងដល់ទៅ១,៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងហើយនោះ ក៏ម្ចាស់បន្ទប់ជួល​ជាង៤០០បន្ទប់នោះ បានបណ្ដេញអ្នកជួលដែលតវ៉ាចេញពីបន្ទប់ប្រមាណ២-៣បន្ទប់រួចរាល់ហើយ ហើយម្ចាស់បន្ទប់នេះ បាន​ព្រមានដល់អ្នកជួលផ្សេងទៀតថា ប្រសិនបើហ៊ានទម្លាយរឿងនេះទៅក្រុមអ្នកសារព័ត៌មាន ឬអាជ្ញាធរនោះ នឹងដេញចេញពីបន្ទប់។

ប៉ុន្ដែការព្រមានថានឹងបណ្ដេញចេញនេះ កាន់តែធ្វើឲ្យក្រុមកម្មករ និងអាជីវករតូចតាចអាចដែលរកស៊ីត្រឹមមួយរស់ៗ ទប់មិនបាននោះឡើយ ពោលគឺនៅតែធ្លាយដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និង​អង្គភាព Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយ និងដោះស្រាយជូនពួកគាត់ផង ព្រោះថា ការតម្លើងថ្លៃបន្ទប់ជួលនេះ ធ្វើឲ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត។

ក្រោយធ្លាយព័ត៌មាននេះដល់អាជ្ញាធរភ្លាមលោក ហែម ដារិទ្ធិ ​អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បានចាត់ឲ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះជួយអន្ដរាគមន៍​​រកដំណោះស្រាយជូនក្រុមកម្មករ និងអាជីវករតូចតាចផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់។

អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោកនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​កុំឲ្យម្ចាស់បន្ទប់ជួលមានការតម្លើងថ្លៃ បើទោះបីប្រាក់ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ។

យ៉ាងណាមិញ​ អ្នកជួលបន្ទប់ជួលទាំង៤០បន្ទប់ ដែលបានតម្លើងថ្លៃរយៈពេលជាង២ខែមកហើយ ក្នុងចំណោមបន្ទប់ជាង៤០០បន្ទប់នោះ បានរៀបរាប់ពីទុក្ខលំបាកថែមទៀតថា បន្ទប់ជួលដែលគេឡើងថ្លៃនោះ មានចំនួនពី ៥-១០ដុល្លារ ទៅតាមបន្ទប់តូច ឬធំ ប៉ុន្ដែស្ថានភាពបន្ទប់វិញ ក៏មិនមានអនាម័យត្រឹមត្រូវនោះទេ។

បើនិយាយពីទឹកប្រើប្រាស់វិញពីមុនតម្លៃមួយម៉ែត្រគូបតែ២,០០០រៀលប៉ុណ្ណោះ ហើយរយៈពេល២ខែចុងក្រោយនេះ ម្ចាស់បន្ទប់ជួលឡើងដល់៣,០០០រៀល ក្នុងមួយម៉ែត្រគូប ខណៈដែលទឹកនោះមិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្ដូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ ព្រោះថាមានជាតិកំបោច្រើនពេក ទុកមិនបានយូរឡើយ។

មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើប្រាស់ភ្លើងវិញ ពីប្រើភ្លើងឯកជនតម្លៃ១,៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ក្រោយមកផ្លាស់ទៅប្រើប្រាស់ភ្លើង ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្ដែតម្លៃនៅ១,៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល។

ក្រៅពីការរៀបរាប់ទុក្ខលំបាក​បែបនេះ​ ក្រុមកម្មករ និងអាជីវករ ទាំងអស់នោះ បានទទូចដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មេត្តាជួយដោះស្រាយជូនពួកគាត់ ថ្វីត្បិតតែប្រាក់ឈ្នួលតម្លើងពិតមែន តែប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះ ពួកគាត់នៅតែជួបការលំបាកដដែល។ ប៉ុន្ដែទោះជាយ៉ាងណា អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា នឹងដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន៕