(ភ្នំពេញ)៖ ការប្រកួតកីឡា គុនល្បុក្កតោ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០១៧ បានចាប់ផ្ដើមហើយ នាព្រឹកថ្ងៃសៅរ៍ ៦រោគ ខែមិគសិរ គ.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលប្រព្រឹត្ដទៅរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដោយរៀបចំធ្វើឡើងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិធីបើកការប្រកួតកីឡា គុនល្បុក្កតោ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០១៧ នាព្រឹកមិញនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ច័ន្ទ សារុន អនុប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពី លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡា គុនល្បក្កតោកម្ពុជា និងលោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំផងដែរ។

ថ្លែងនៅក្នុងពិធីបើកប្រកួតកីឡា គុនល្បុក្កតោ លោក ច័ន្ទ សារុន បានថ្លែងថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ សហព័ន្ធកីឡាគុនល្បក្កតោកម្ពុជា បានធ្វើកំណែទម្រង់ស្ដីពីការអភិរក្ស និងអភិវឌ្ឍ វិស័យកីឡាគុនល្បុក្កតោ ដែលជា យុទ្ធសាស្ដ្រសម្រាប់រយៈពេលវែងក្នុងវិស័យនេះ ដោយសហព័ន្ធមានគោលបំណងរួមមាន៖

ទី១៖ ផ្ដល់ឱកាសឲ្យគ្រប់កីឡាករ កីឡារិនីតាមសាលាគុន សមាគមន៍ គ្រប់រាជធានី-ខេត្ដ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួន។

ទី២៖ បំផុតចំណាប់អារម្មណ៍ ដើម្បីទាក់ទាញយុវជន មហាជនឲ្យចូលរួមហ្វឹកហាត់ និងថែរក្សាកីឡា គុនល្បក្កតោ។

ទី៣៖ បំផុសការផ្សព្វផ្សាយ គោលការណ៍អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុន ព្រលឹងជាតិ អន្ដសញ្ញាណជាតិ វប្បធម៌ជាតិ។

ទី៤៖ ជ្រើសរើស កីឡាករ កីឡាការិនី មានទេសកោសល្យល្អ និងប៉ិនប្រសព្វ ដើម្បីបំប៉នការ ហ្វឹកហាត់ឯកទេសជំនាញ កីឡាគុនល្បុក្កតោ ឲ្យឈានដល់កម្រិតខ្ពស់។

ទី៥៖ បង្កើនបទពិសោធន៍ ដល់មន្ដ្រីរៀបចំការប្រកួត អាជ្ញាកណ្ដាល និងចៅក្រម ដើម្បីត្រៀមក្នុងការប្រកួតកម្រិតអន្ដរជាតិនានា។

លោក ច័ន្ទ សារុន បានបន្ថែមទៀតថា សហព័ន្ធកីឡាគុនល្បក្កតោកម្ពុជា និងពង្រឹងកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ជ្រៀបប្រភេទកីឡាគុនល្បុក្កតោមួយនេះ ក្នុងវិស័យអប់រំ ដល់យុវជន ដែលជាអ្នកបន្ដវេន មរតកវប្បធម៌ដ៏ថ្លៃថ្លា ដែលជាសមិទ្ធិកម្មរបស់បុព្វបុរសខ្មែរសម័យដើម៕