(ភ្នំពេញ)៖ ក្រោយជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសដាក់ចេញគន្លឹះសំខាន់៣ ដើម្បីអភិវឌ្ឍវិស័យនេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជ្រើសតាំងសម្តេចជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែលផ្តល់ ដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គន្លឹះសំខាន់ៗចំនួន ៣ ក្នុងការអភិវឌ្ឍរីកចម្រើនលើវិស័យទេសចរណ៍មានដូចជា៖

ទី១៖សុខសន្តិភាព គឺជាកត្តាសំខាន់ធ្វើឱ្យប្រទេសជាតិឈានការរីកចម្រើន បើប្រទេសមានសង្គ្រាមមិនមានការអភិវឌ្ឍនិងរីកចម្រើនដែរ។ កន្លងមកកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមកាប់សម្លាប់ជីវិតមនុស្សអស់ជាច្រើន ដូច្នេះ កម្ពុជាត្រូវតែការពារ និងរក្សាសន្តិភាពឱ្យបាន។

ទី២៖ បន្តរួមគ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងការជួយដល់សេដ្ឋកិច្ចជាតិ ដូច្នេះត្រូវឱ្យមានការចូលរួមគ្រប់ភាគីទាំងអស់ សូមឱ្យក្រសួងទេសចរណ៍ រៀបចំវេទិកាថ្នាក់ជាតិ អន្តរជាតិ ដើម្បីឱ្យវិស័យនេះកាន់តែមានសក្តានុពលថែមទៀត។

ទី៣៖ យើងបន្តធានាឱ្យបានជាផលវិជ្ជមានរវាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជា សហគមទេសចរណ៍ បណ្តាញផ្សព្វផ្សាយ ដើម្បីជំរុញវិស័យនេះ ឱ្យកាន់តែទូលំទូលាយ៕