(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យបណ្ឌិត អានតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្នុងស្ថានភាពដ៏តោកយាក ឈានមករកស្ថានភាពមួយដែលប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ហើយជាតិទាំងមូលមានកេត្យានុភាពលើឆាកអន្តរជាតិផងដែ។ លោក អានតុន ការ៉ាគា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជា ជាអ្នកផ្ដល់ពន្លឺនៃក្ដីសង្ឃឹម សម្រាប់ប្រជាជន និងជាតិកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត អានតុន ការ៉ាគា បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។

បើតាមលោក អានតុន ការ៉ាគា ការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» បន្ទាប់ពីស្ថាប័នអន្តរជាតិមួយនេះ បានមើលឃើញយ៉ាងច្បាស់ពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសការជំរុញវិស័យទេសចរណ៍តាំងពីប្រទេសដែលមិនអ្នកទេសចរណ៍រហូតទទួលបានភ្ញៀវទេសចរបានជិត ៥លាននាក់នៅពេលបច្ចុប្បន្ន។

ក្នុងពិធីប្រកបដោយកិត្តិយសសម្រាប់ជាតិកម្ពុជា ដែលមេដឹកនាំរបស់ខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានស្ថាប័នពិភពលោកជ្រើសរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ និងមានអ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុះករនេះ លោក អានតុន ការ៉ាគា បានបង្ហាញការកោតសរសើរយ៉ាងក្លៀវក្លាបំផុតចំពោះភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានលើកបង្ហាញនូវសមិទ្ធិផលជាច្រើនផងដែរ។

«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាកូនប្រុសនៃប្រវត្តិសាស្ត្រដ៏មានមោទនភាព ហើយក្នុងកិច្ចពិភាក្សាដ៏យូរជាមួយសម្តេច ខ្ញុំតែងតែកោតសរសើរចំពោះចំណាប់អារម្មណ៍ និងបំណងប្រាថ្នារបស់គាត់ក្នុងការរក្សាប្រពៃណីវប្បធម៌បុរាណ និងការការពារតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា»។ លោក អានតុន ការ៉ាគា បានគូសបញ្ជាក់។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានបន្ថែមថា «សេចក្តីស្រលាញ់របស់សម្តេចចំពោះប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ដោយមិនចេះនឿយហត់របស់សម្តេចចំពោះសុខមាលភាពរបស់ប្រជាជនបានធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសដូចសព្វថ្ងៃនេះ។​ កម្ពុជា ក្លាយជាចំណុចមជ្ឈមណ្ឌលនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកជាមួយអត្រាកំណើនប្រចាំឆ្នាំ ៧% ជាទីផ្សារដ៏ទាក់ទាញបំផុតសម្រាប់វិនិយោគិន ជាសេដ្ឋកិច្ចដែលបង្កើតការងារបានលឿនបំផុតនៅក្នុងតំបន់ និងជាប្រទេសមួយដែលបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍»។

លោក អានតុន ការ៉ាគា ក៏បានលើកឡើងដែរថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏វៃឆ្លាត ហើយបានផ្តល់នូវមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕