(កំពង់ធំ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងរដ្ឋបាលខេត្តកំពង់ធំ បានសហការគ្នាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ ត្រូវបានយកទៅ ផ្សព្វផ្សាយបន្ថែម ដល់មន្ត្រីរាជការដែលបម្រើការ ក្នុងខេត្តកំពុងធំ ខណៈជនបរទេសដែលរស់នៅក្នុងខេត្តភាគ កណ្ដាលប្រទេសកម្ពុជាមួយនេះ មានតែ៤១៨នាក់ប៉ុណ្ណោះ។

ក្នុងការចុះផ្សព្វផ្សាយបន្ថែម អំពីអនុក្រឹត្យខាងលើនេះ គឺមានការចូលរួមក្រោមអធិបតីភាព លោក ហែម ថេង អគ្គនាយករងនៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក វ៉ា ឈូដា អគ្គនាយករងនៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ ដែលធ្វើឡើងនៅ សាលាខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧។

លោក គង់ វិមាន បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ មានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងជនបរទេស មិនមែនអន្តោប្រវេសន៍ ក្រុមការងារជំនាញអន្តោប្រវេសន៍ និងអន្តរក្រសួង នៅឆ្នាំ២០១៧នេះ បានចុះធ្វើអធិការកិច្ចចំនួន ៥១ទីតាំង ក្នុងនោះបានរកឃើញពលករចំនួន ៤២៨នាក់ មកពីសញ្ជាតិ១៣ផ្សេងគ្នា ដែលមាន៤១៨នាក់ មានឯកសារស្របច្បាប់ និង១០នាក់ផ្សេងទៀត ដែលធ្វើការងាដោយមិនស្របច្បាប់ ក្នុងនោះមានជនជាតិវៀតណាម ថៃ ចិន ​និងជនជាតិអាមេរិចផងដែរ។

លោក ហែម ថេង ​បានលើកឡើងថា ការលុបចោល និងដកហូតរាល់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នេះ គឺជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងលុបបំបាត់ពាក្យចចាមអារ៉ាមដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍រស់នៅដោយខុសច្បាប់។

លោកបន្តថា ដើម្បីឲ្យការអនុវត្តការងារនេះ មានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលបានបង្កើតនូវ ក្រុមការងារអន្តរក្រសួង ដែលមានការចូលរួមចំនួន៤ក្រសួង រូមមាន៖ ១. ក្រសួងការបរទេស មានការត្រួតពិនិត្យពីច្បាប់ជាតិ និងអន្តរជាតិ, ២. ក្រសួងយុត្តិធម៌ ដែលមានស្ថាប័នតុលា, ៣. ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង៤. ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកបានបញ្ជាក់ថា ការអនុវត្តការងារនេះ នៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ជាអ្នកដឹកនាំ ដែលមានភារកិច្ចអនុវត្តចំនួន៤ករណី រួមមាន៖ ១. ការបញ្ជូល និងអនុវត្តលើចំណុចខ្វះខាតដែលមានពីឆ្នាំ២០០២ នៃរយៈពេលដ៏យូរនេះ, ២. ជាអ្នកកាន់ឯកសារមិនប្រក្រតី មានន័យថា ការធ្វើឯកសារដែលមិនទាន់សមស្របទៅតាមច្បាប់, ៣. អ្នកកាន់ឯកសារអត្តសញ្ញាណកម្ម និង៤. អ្នកស្នាក់នៅយូរដែលអ្នកទាំង៤ជំពូក ត្រូវមកអនុវត្តន៍តាមអនុក្រឹត្យស្តីពីការ លុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់នៅកម្ពុជា។

លោកបន្ថែមទៀតថា ការអនុវត្តនូវការងារទាំងអស់នេះ គឺជាជម្រើសដ៏ល្អសម្រាប់ជនអន្តោប្រវេសន៍ ដែលចង់រស់នៅ លើទឹកដីនៃប្រទេសកម្ពុជា ក្នុងការផ្តល់នូវសិទ្ធិស្របច្បាប់ ដែលមានការទទួលស្គាស់ដោយនីតិរដ្ឋ ហើយការផ្តល់នូវសិទ្ធិ ស្របច្បាប់នេះ បានផ្តល់នូវអត្ថប្រយោជន៍ ដល់ជនអន្តោប្រវេសន៍ ដូចជា ផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅវិញទៅមក នៅក្នុងប័ណ្ណមានលោហៈអេឡិចត្រូនិក (ឈីប) ដែលបានបញ្ចូលនូវសមាជិកគ្រួសាររបស់ពួកគាត់ ដូចជាកូនៗរបស់គាត់មានសិទ្ធិរៀនសូត្រ និងអាចទៅលេងប្រទេសរបស់ខ្លួន បានដោយធ្វើការប្តូរនូវប័ណ្ណអន្តោ ប្រវេសន៍ជូនដល់គាត់ ជាពិសេសក្រោយពីការចុះសញ្ជាតិរួចហើយ ពួកគាត់អាចរៀនអក្សរខ្មែរ និងស្វែងយល់ពី វប្បធម៌ខ្មែរបាន៕