(ភ្នំពេញ)​៖​ គិតត្រឹមវេលាម៉ោងជាង៣រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការសាកសួរបុរស​ជនជាតិ​តៃវ៉ាន់​២​នាក់ ​និង​ម៉ាឡេស៊ី​ម្នាក់ ​​ដែលពាក់ព័ន្ធករណីចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់ ​នៅក្នុង​ផ្ទះ​វីឡា​មួយកន្លែង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។ នេះបើតាមយោងតាមមន្រ្តីតុលាការ បានប្រាប់ ភ្នាក់ងារព័ត៌មានប្រចាំតុលាការនៅរសៀលថ្ងៃនេះ។ 

​ជនជាតិ​តៃវ៉ាន់២នាក់ឈ្មោះ​ Chen Chin Hao អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ Kuo Fang Lang អាយុ​៤២​ឆ្នាំ​ ចំណែក​បុរស​ម៉ាឡេស៊ី​ឈ្មោះ Yong Yee Kan អាយុ​៤៣​ឆ្នាំ​។​

​មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនបរទេសទាំង៣​នាក់​​នេះ​ បាន​អូសទាញ​ជនជាតិ​ថៃ​៩​នាក់​ឲ្យមក​រាជធានី​ភ្នំពេញ ​​ដើម្បី​ធ្វើ​ការងារ​ លុះពេលមកដល់​ភ្នំពេញ​ពួកគេ​ទាំង​៣ ​បាន​ជួល​វីឡា​មួយកន្លែង​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ​ដោយឲ្យ​​ជនជាតិ​ថៃ​ទាំងនោះ​ចូល​ស្នាក់នៅ​កាលពី​ថ្ងៃទី​៣ ខែធ្នូ​។ ប៉ុន្តែ​ពេល​ជនជាតិ​ថៃ​ទាំងអស់នោះ​ ចូល​ស្នាក់នៅ ហើយ​ស្រាប់តែ​ពួក​​គេ​ទាំង​៣ ​បាន​បង្ខាំង​ទុក​មិនឲ្យ​ចេញ​ក្រៅបរិវេនផ្ទះជួលនោះឡើយ។

ដោយយល់ឃើញថានេះ ជារូបភាពនៃការបង្ខាំងខ្លួនជនជាតិ​ថៃ​ទាំងនោះ​ ក៏មានការ​ភ័យខ្លាច​ហើយឡើងទៅ​ជាន់​លើផ្ទះ​វីឡា​នោះ រួច​ថត​យក​ទិដ្ឋភាព​ជិតៗ​វីឡា​នោះ ហើយ​ផ្ញើ​ទៅបង​ប្អូននៅក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​ប្រាប់ថា​ពួកគេ​ត្រូវបាន​បុរស​ទាំង​៣​នាក់​នេះ ​បង្ខាំង​ទុក​ហើយ​។ ពេលទទួលបាន​ព័ត៌មាន​នេះ​ បងប្អូន​ជនជាតិ​ថៃ​ទាំង​នោះបាន ប្តឹង​មក​សមត្ថកិច្ច​ថៃ​នៅ​ទីក្រុង​បាងកក រួច​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ព័ត៌មាន​នេះ​ មក​ស្ថានទូត​ថៃ ប្រចាំកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់។

​ក្រោយ​ការស្រាវជ្រាវ​រួចមក សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ស​និ្ត​សុខ​ផ្ទៃក្នុង សហការ​ជាមួយ​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​តំណាង​សេនា​នុ​ព័​ន្ធ​យោធា​ថៃ​ប្រចាំ​កម្ពុជា ក្រោម​ការសម្របសម្រួល​ពី​លោក​ ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​វីឡា​នោះ រំដោះ​ជនជាតិ​ថៃ​ទាំង​៩​នាក់​នោះ និង​ឃាត់ខ្លួន​បុរស​តៃវ៉ាន់​២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់​តែម្តង​៕​​