(ភ្នំពេញ)៖ តាមស្ថិតិគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសកម្ពុជា បានឲ្យឃើញថា ក្នុងឆ្នាំ២០១៥មានមនុស្សបាត់បង់ជីវិតចំនួន ២,២៦៥ និងរងរបួស១៥,០០០ពាន់នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុនសាមសុង បន្តជំរុញគំនិតផ្តួចផ្តើមសហគមន៍នៅកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរ មានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ។

ដោយទទួលបានភាពជោគជ័យ និងការបន្តគាំទ្រយ៉ាងធំធេង ពីក្រសួងអប់រំ យុវជន និងកីទ្បា ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» បានធ្វើទ្បើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បារួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ចំនួន៩៨០នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

លោក ប៊ូ ជុំសេរី បានថ្លែងថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាសាក្ខីភាព នៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជំរុញឲ្យយើងទាំងអស់គ្នា យល់ដឹងជាសាធារណៈ អំពីវិធានការ ការពារអាយុជីវិតប្រជាជនកម្ពុជា និងលើកស្ទួយដល់ការអភិវឌ្ឍប្រទេសជាតិ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាមសុងអេទ្បិចត្រូនិក សាខាកម្ពុជា បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយ ដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើត ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» យុទ្ធនាការនេះ ជាផ្នែកមួយនៃសកម្មភាព របស់សាមសុង Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង។ សាររបស់ខ្ញុំ ជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលជិះកង់ ឬម៉ូតូ ដើម្បីការពារខ្លួន និងមនុស្សជុំវិញអ្នក ពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានទ្បើងជាយថាហេតុ និងកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ»

កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង និងតារាចម្រៀង ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា ដែលមានវត្តមាន ក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្នុងនាមជាមនុស្សធម្មតា ដែលមានអាជីព ជាអ្នកចម្រៀងម្នាក់ ខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែក ក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ជាមួយក្រុមហ៊ុនសាមសុង ព្រោះនាងខ្ញុំធ្លាប់ឃើញឧប្បត្តិហេតុ និងសោកនាដកម្មផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងខ្ញុំ សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាព ដើម្បីការពារជីវិតយើងទាំងអស់គ្នា ព្រោះអាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់»។

ក្នុងយុទ្ធនាការនេះ សិស្សានុសិស្ស ក៏បានទទួលការបណ្តុះបណ្តាល ពីប៉ូលិសចរាចរ ក្រោមប្រធានបទស្តីពី ការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង ១,០០០ ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍។ គោលដៅដ៏សំខាន់បំផុតនៃ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹង អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អ ជូនទៅកាន់សិស្សានុសិស្សទាំងអស់៕