(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife បានចុះអនុសារណៈយោគយល់ ក្នុងគោលបំណងផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុ ដល់គ្រប់អតិថិជនរបស់ខ្លួន។

អត្ថប្រយោជន៍ដែលអតិថិជន ហ្វឺស ហ្វាយនែន នឹងទទួលបានពីកិច្ចសហប្រត្តិបត្តិការនេះ គឺការទទួលបានតម្លៃពិសេសពី ក្រុមហ៊ុន Camlife សម្រាប់ការប្រើប្រាស់សេវាធានារ៉ាប់រងលើអាយុជីវិត ដែលការធានានោះនឹងទទួលខុសត្រូវលើកម្ចីដែលមិនទាន់បានសងបញ្ចប់ នៅពេលដែលអតិថិជនជួបហានិភ័យដល់អាយុជីវិត ឬពិការភាពដោយចៃដន្យណាមួយ។

លោកស្រី ជុន សុថានី អគ្គនាយិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានថ្លែងថា «អតិថិជនយើងភាគច្រើន ជាប្រជាជនកម្ពុជា ដែលមានចំណូលទាប និងមធ្យម ហើយ កម្ចីដែលយើងផ្តល់ឲ្យពួកគាត់មានរយៈពេលវែងរហូតដល់ ២០ឆ្នាំ អាស្រ័យហេតុនេះហើយ ដើម្បីឲ្យផែនការនៃដំណើរដ៏វែងឆ្ងាយមួយនេះប្រព្រឹត្តទៅបានជោគជ័យ យើងបានព្យាយាមជួយស្វែងរកនូវដំណោះស្រាយ និងការការពារដែលប្រសើរសម្រាប់អតិថិជនគ្រប់រូប ដើម្បីធានាឲ្យបានថា ពួកគាត់នឹងរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងការទទួលបានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលអាចនឹងផ្តល់សុភមង្គល សេចក្តីសុខ និងស្ថេរភាពក្នុងក្រុមគ្រួសារពួកគាត់។ អត្ថប្រយោជន៍នេះ នឹងផ្តល់ជូនដល់អតិថិជន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។

សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០៩ ហើយបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកទេស ក្នុងការផ្តល់ឥណទានខ្នាតតូចសម្រាប់ទិញផ្ទះ ទិញដីលំនៅដ្ឋាន ជួសជុល និងសាងសង់ផ្ទះ ទៅដល់គ្រួសារដែលមានចំណូលទាប និងមធ្យមមុនគេក្នុងប្រទេសកម្ពុជា។

Camlife ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយមានចក្ខុវិស័យ ផ្តល់នូវការធានាដល់ប្រជាជនកម្ពុជារស់នៅ ប្រកបដោយសុវត្ថិភាពផ្នែកហិរញ្ញវត្ថុដ៏ប្រសើរតាមរយៈការជ្រើសរើសតម្រូវការដ៏សមស្របមួយ ដើម្បីបំពេញគុណតម្លៃជីវិតរបស់ពួកគេ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនេះ សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាជនកម្ពុជាដែលកំពុងប្រើប្រាស់សេវាឥណទានផ្ទះសម្បែងរបស់ ហ្វឺស ហ្វាយនែន នេះបើតាមប្រសាសន៍លោក Tondy Suradiredja, អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife៕