(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៦ ខែធ្នូម្សិលមិញ លើទីលានក្នុងពហុកីឡដ្ឋានជាតិ  ខណៈលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានសម្លឹងឃើញភាពជោគជ័យថ្មីៗមួយចំនួន សម្រាប់ការរៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ បន្ទាប់ពីក្រសួងអបរ់រំ យុវជន និងកីឡា ធ្វើកំណែទម្រង់ផ្ដល់កញ្ចប់ថវិកាឲ្យសហព័ន្ធរៀបចំដោយខ្លួនឯង។

លោក លី កុសល បានថ្លែងថា នេះគឺជាឆ្នាំដំបូងដែលក្រសួងអប់រំ ផ្ដល់កញ្ចប់ថវិកាឲ្យសហព័ន្ធរៀបចំជើងឯកខ្លួនឯង។ ការផ្ដល់សិទ្ធិរៀបចំផ្ទាល់បែបនេះ គឺជារឿងដ៏ល្អ ធ្វើឲ្យសហព័ន្ធកាន់តែមានភាពម្ចាស់ការ ពិសេសសហព័ន្ធបានធ្វើកំណែទម្រង់មួយចំនួន ដើម្បីជំរុញវិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន។ តែអ្វីដែលជោគជ័យបំផុតនោះ គឺឆ្នាំនេះ ការប្រកួតបានទទួលកីឡាករ-កីឡាការិនីវ័យក្មេងអាយុក្រោម ១៣ឆ្នាំ, ១៥ឆ្នាំ និង ១៧ឆ្នាំចូលរួមយ៉ាងច្រើនទៀតផង។

លោកបន្ដថា «ការប្រកួតឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីក្មេងៗចូលរួមច្រើនប្រមាណ ៧០% ក្នុងចំណោម ១៥៣នាក់ ហើយពួកគេបានយល់កាន់តែច្បាស់អំពីច្បាប់ប្រកួត ដោយគោរពវិន័យ និងបញ្ជាផ្សេងៗ។ នេះគឺជាសញ្ញាណដ៏ល្អ ដើម្បីទិសដៅអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការចម្រាញ់រកធនធានកីឡាករ-កីឡាការិនីក្មេងៗដែលមានសមត្ថភាព និងទេពកោសល្យល្អ មកប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ត្រៀមដំណើរការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

បន្ទាប់ពីទទួលបានផ្លែផ្កាល្អប្រសើរយ៉ាងដូច្នេះ សហព័ន្ធបានបង្ហើបគម្រោងថ្មីៗបន្ថែមទៀត ដូចជាពង្រីកការប្រកួតលក្ខណៈឯកជនឲ្យបានកាន់តែច្រើន ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយ ធ្វើការប្រកួតប្រជែង និងវាស់ស្ទង់កម្រិតសមត្ថភាពគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេឲ្យបានកាន់តែខ្លាំង ឆ្ពោះទៅការប្រកួតប្រជែងកម្រិតអន្ដរជាតិ ពិសេសគឺការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣តែម្ដង។

គួរបញ្ជាក់ថា ជើងឯកវាយសីថ្នាក់ជាតិឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីសរុប ១៥៣នាក់ មកពី ១៣ក្លឹប-សមាគមចូលរួម។ រីឯលទ្ធផល គឺក្រុមកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ ១៥គ្រឿង មានមេដាយមាស៥ ប្រាក់៦ និងសំរឹទ្ធ៤ គ្រាដែលក្លឹបកីឡាវាយសីខេត្តកំពង់ឆ្នាំង ឈរលេខ២ ដណ្ដើមបានមេដាយ ៨គ្រឿង រួមមានមេដាយមាស៤ ប្រាក់ ១ និងសំរឹទ្ធ៣។ រីឯក្លឹបកីឡាវាយសីត្រពាំងស្រែ ឈរលេខ៣ ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១៕