(ភ្នំពេញ)៖ បេក្ខជន ដែល​ទទួលបាន​ជយលាភី​ពី​ការប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​ដែលមាន​លក្ខណៈ​ជា​ខ្មែរ នឹង​ទទួលបាន​ប្រាក់រង្វាន់​សរុប​ចំនួន ១៨​លាន​រៀល ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ដែលជយលាភី​លេខ​១ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៥​លាន​រៀល លេខ​២ ៤​លាន​រៀល លេខ ៣ ចំនួន​៣​លាន​រៀល និង​៣​នាក់​/​ក្រុម ទៀត ត្រូវ​ជ្រើសរើស​ឲ្យ​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត ក្នុង​មួយរូប​/​ក្រុម ចំនួន​២លាន​រៀល​ ពិសេស បេក្ខជន ក៏​នឹងត្រូវ​ឡើង​ទទួលពាន​ជយលាភី ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២០ នៅក្នុង​ខែមីនា ឆ្នាំ​២០១៨ ផងដែរ​។​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​ដែលមាន​លក្ខណៈ​ជា​ខ្មែរ ដើម្បី​រួមចំណែក​លើកស្ទួយ​វប្បធម៌ និង​ការ​តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង និង​ជាពិសេស ដើម្បី​កាត់បន្ថយ​ការចម្លង​ស្នាដៃ​បរទេស​។ ការប្រកួត​នេះ ចាប់​ផ្តើ​ទទួល​ពាក្យ​ប្រកួត និង​ទទួល​ស្នាដៃ​តែង​និពន្ធ​ថ្មី ចាប់ពី​ថ្ងៃទី ១​ខែធ្នូ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ។

​លោក ចំរើន វ៉ាន់​ថា សមាជិក​គណៈកម្មការ​រៀបចំ​ការប្រកួត បានថ្លែងថា ស្នាដៃ​របស់​បេក្ខជន​ចំនួន ៣ រូប​/​ក្រុម នឹងត្រូវ​បានជ្រើសរើស​សម្រាប់​ជយលាភី​លេខ១ ដល់​លេខ៣ ហើយ​៣​រូប​/​ក្រុម ទៀត​ក៏​នឹង​ជ្រើសរើស ដើម្បី​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​វប្បធម៌​ដែរ​។

​លោក ចំរើន វ៉ាន់​ថា គូសបញ្ជាក់ថា ជយលាភី​លេខ​១ នឹង​ទទួលបាន​ទឹកប្រាក់​៥​លាន​រៀល លេខ​២ ៤​លាន​រៀល លេខ​៣ ចំនួន​៣​លាន​រៀល និង​បេក្ខជន ចំនួន​៣ រូប​/​ក្រុម​ផ្សេងទៀត ទទួល​ប្រាក់​លើកទឹកចិត្ត​ម្នាក់ៗ ចំនួន​២​លាន​រៀល​។ បទ​ភ្លេង និង​ទំនុកច្រៀង​របស់​បេក្ខជន ដែល​ទទួលបាន​ចំណាត់ថ្នាក់ ក្រសួង​នឹង​យកមក​ផលិត​ជា CD និង VCD ដោយ​រក្សា​សិទ្ធិ​សីលធម៌​ជូន​បេក្ខជន ប៉ុន្តែ​សិទ្ធិ​បេតិកភណ្ឌ​ជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួង​វប្បធម៌​។

​បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រកួត ត្រូវបំពេញ​ពាក្យសុំ​ចូលរួម​ប្រកួត​ជាមុនសិន ដែល​ពាក្យសុំ​នេះ​អាច​ទាញយក​បាន​ពី​តំណ​ភ្ជាប់​នេះ
KhmerCultureMinistry រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី​ពិនិត្យឃើញថា បេក្ខជន បាន​បំពេញបែបបទ​ត្រឹមត្រូវ​ហើយ​នោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ឆ្លើយតប​ទៅកាន់​បេក្ខជន​វិញ តាម​អ៊ី​ម៉ែ​ល ឬ​ប្រអប់​សារ​ដែល​បេក្ខជន​ផ្ញើមក​។​

​បេក្ខជន ​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បី​ទទួលបាន​គោលការណ៍​ណែ​នា​លម្អិត ពី​លក្ខខណ្ឌ និង​នីតិវិធី​ក្នុងការ​ប្រកួត​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បេក្ខជន​អាច​និពន្ធ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម ដោយ​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ចំនួន​២​បទ ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មាន​លក្ខណៈ​ជាតិ ហើយ​បេក្ខជន អាច​ជ្រើសរើស​ចង្វា​ក់ដោយ​សេរី លើកលែងតែ​ចង្វាក់​រ៉េ​ប​៕