(ពោធិ៍សាត់)៖ ក្រុមអង្គការការពារធនធានធម្មជាតិ និងយោធាប្រមាណ៥នាក់ ខណៈកំពុងធ្វើដំណើរនៅលើផ្ទៃទឹកបឹងទន្លេសាប បានប្រទះឃើញបទល្មើសនេសាទ ក៏បើកកាណូតប្រដេញ ចាប់ពីចំណុចពាក់កណ្តាលបឹងទន្លេសាប រហូតមកដល់ភូមិកោះក្អែក ស្រាប់តែបង្កឲ្យមានការផ្ទុះអាវុធ៤គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលឲ្យអ្នកនេសាទល្មើសច្បាប់ម្នាក់រងរបួសធ្ងន់ ដែលជនជាតិវៀតណាម។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីផ្ទុះអាវុធខាងលើនេះ  បានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណីបន្តថា នៅមុនពេលកើតហេតុ ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលក្នុងនោះទាហាន និងបុគ្គលិកអង្គការមានគ្នាប្រមាណ៥នាក់ ខណៈកំពុងធ្វើដំណើរនៅលើផ្ទៃទឹកបឹងទន្លេសាប បានប្រទះឃើញបទល្មើសនេសាទ ក៏បើកកាណូតប្រដេញ ចាប់ពីចំណុចពាក់កណ្តាលបឹងទន្លេសាប រហូតមកដល់ភូមិកោះក្អែក ស្រាប់តែបង្កឲ្យមានការផ្ទុះអាវុធ៤គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលឲ្យអ្នកនេសាទល្មើសច្បាប់ម្នាក់ មានឈ្មោះ ហោ យ៉ាំងទឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រួចក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។

ដោយឡែកក្រុមខ្មាន់កាំភ្លើង បានបើកកាណូតរត់គេចខ្លួន ចូលទៅដល់ទឹកដីខេត្តកំពង់ធំ ហើយបានត្រឡប់មកកាន់ព្រំប្រទល់ខេត្តពោធិ៍សាត់ នឹងខេត្តកំពង់ឆ្នាំង ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាននៅឡើយ៕