(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖៥០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានបន្តជួប សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា បន្ទាប់ពីបញ្ចប់ជំនួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នៅព្រឹកមិញនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ហើយរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន១១។ បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខាលើឯកសារ និងបញ្ចប់នូវសេចក្តីថ្លែងការណ៍រួមរួចមក លោកស្រី Sheikh Hasina ក៏បានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ផងដែរ៕