(ភ្នំពេញ)៖ យុវតី៣នាក់ ជាសិស្សសាលាហ៊្វូតព្រីនអន្តរជាតិ រួមមាន៖ ឈ្មោះ លឹម សុដាលីន, តេង សុខុមបញ្ញាបារមី និង ធិននីម ធារីហ្សា តំណាងឲ្យកម្ពុជា បានចូលរួមការប្រកួតដណ្តើមពាន អ្នកប្រាជ្ញវ័យក្មេងពិភពលោក ក្នុងកម្មវិធី The world scholar’s cup បានវិលត្រឡប់ពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជាវិញហើយ ដោយមោទនភាពជាមួយមេដាយមាសមួយ និងមេដាយប្រាក់ពីរ។

កម្មវិធី The world scholar’s cup បានប្រារព្ធឡើងនៅសកលវិទ្យាល័យ យេស ដែលស្តិតនៅទីក្រុង New haven រដ្ឋ Connecticut សហរដ្ឋអាមេរិក ក្រោមការរៀបចំរបស់ក្រុមការងារ The world scholar’s cup។ កម្មវិធីប្រឡងប្រជែងនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ (ពីថ្ងៃទី៩ ដល់១៤ ខែវិច្ចិកា ឆ្នាំ២០១៧) ដែលរួមមាន៖ វិញ្ញាសារផ្សេងៗគ្នាដូចជា scavenger hunt ការប្រឡងអត្ដបទសំណេរ ការតស៊ូមតិ scholar’s bowl និង scholar’s challenging ដែលផ្ដោតសំខាន់ទោលើមុខវិជ្ជាសំខាន់ៗដូចជា ទេវកថាសម័យទំនើប វិទ្យាសាស្រ្ត បច្ចេកវិទ្យា អក្សរសិល្ប៏ សិល្បតន្រ្ដី និងសិក្សាសង្គម ដោយមានការចូលរួមប្រកួតពីបេក្ខជនប្រមាណជាង៥០០នាក់មកពី៥០ប្រទេសជុំវិញពិភពលោក។

ឆ្លៀតឧកាសនោះផង ពួកគេក៏បានពាំនាំវប្បធម៌ដ៏យូរលង់របស់ខ្មែរយើងទៅតាំងបង្ហាញ និងទទួលបានការស្ញប់ស្ញែង និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកចូលរួមពីប្រទេសនានាផងដែរ៕