(កណ្ដាល)៖ ប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្ដុះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។

លោក ហេង សេងឡុង អ្នកយកព័ត៌មានរបស់អង្គភាព Fresh News ប្រចាំខេត្តកណ្តាល ដែលកំពុងស្ថិតនៅទីតាំងបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះ បានឲ្យដឹងថា ប្រតិបត្តិការរបស់កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានប្រដាប់ដោយកាំភ្លើងផងនោះ បានចុះមកបង្ក្រាបជាក់ស្ដែង ខណៈដែលមានមនុស្សរាប់សិបអ្នកកំពុងតែស្រែកហោរកញ្ជៀវ និងសង្វៀនជល់មាន់ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្ដាលលោក ឯក ស៊ុនរស្មី។

បើតាមអ្នកយកព័ត៌មានរបស់ ​Fresh News ក្រៅពីឃាត់មនុស្សដកហូតរថយន្ដ ដកហូតម៉ូតូ គេសង្កេតឃើញមានមាន់ជាច្រើនក្បាល សុទ្ធតែជាប្រភេទមាន់ជល់។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ៅ ភិរុណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល។

សូមបញ្ជាក់ថា ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕