(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញចូលរួមអបអរសាទរមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថា អង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយ​ទៅដល់៧-៨​ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិ ដល់មូលដ្ឋាន។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបែងចែកជា៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុប ១៣១,៧០៥នាក់ ក្នុងនោះកាយរឹទ្ធិប្អូនមានចំនួន ៤៧០៣នាក់ កាយរឹទ្ធិមានចំនួន ៩៣,៩៥៤នាក់ និងកាយរឹទ្ធិរៀមច្បងមានចំនួន ២០,៥៥០នាក់។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕