(កណ្តាល)៖ កម្លាំងនគរបាលទាំងថ្នាក់ខេត្ត និងស្រុកចំនួន១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថជាង២០នាក់ ក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល នៅរសៀលថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលលួចបើកលេងយូរឆ្នាំមកហើយ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «នៅពេលនេះ កម្លាំងនគរបាលរបស់ខេត្ត និងស្រុកចំនួន១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថចំនួន២៣នាក់ ដឹកនាំដោយលោក​វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និងមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាល មកចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនេះ»។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនទាន់បានបញ្ជាក់ពីចំនួនវត្ថុតាងដែលត្រូវរឹបអូសនោះទេ៕