(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់​ នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណជាង៤០០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គល្បើក ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដោយឥតគិតថ្លៃ​ចំនួនជិត២,៧៨៩នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១២៩នាក់, ជំងឺផ្លូវចិត្ត១០១នាក់, ជំងឺឫសដូងបាត១៥៤នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៦នាក់, ជំងឺភ្នែក៨១នាក់, ជំងឺសើរស្បែក៥៩នាក់, ជំងឺទឹកនោមផ្អែម២០១នាក់, ជំងឺមាត់ធ្មេញ៩៨នាក់, អេកូសាស្ត្រ១២៧នាក់ និងជំងឺទូទៅ១០១៤នាក់ និងព្យាបាលរបួស និងវះកាត់តូច៣៨នាក់។

លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានស្វាគមន៍ចំពោះវត្តមានក្រុមគ្រូស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចុះមកពិនិត្យនិងព្យាបាល ជំងឺដោយឥតគិតថ្លៃនៅក្នុងទឹកដីកំពត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
លោកអភិបាលខេត្តបានអះអាងថា «សកម្មភាពបែបនេះ គួរតែកើតមានឲ្យបានញឹកញាប់ទៀត ដើម្បីជួយសម្រួលដល់ការចំណាយ របស់ប្រជាពលរដ្ឋ»។

ប្រជាពលរដ្ឋ២រូប ដែលមកពីស្រុកឈូកដូចគ្នា សុទ្ធតែមានបំណងក្នុងការសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលជាកូ​នប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យចុះមកភូមិឃុំរបស់គាត់ ឲ្យបានញឹកញាប់ ដែលនេះអាចសបញ្ជាក់ឲ្យឃើញពីការស្រឡាញ់ ក្នុងដឹកនាំរបស់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយនេះ។

លោក ប៊ិន សើ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឈូក ខេត្តកំពត បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង និងសូមថ្លែង​អំណរ​គុណ ឯកឧត្តមហ៊ុន ម៉ានី​ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកចុះជួយព្យាបាលជំងឺ ជូនអ្នកស្រុកឈូក ហើយខ្ញុំសូមជូនពរឲ្យ​ឯកឧត្តម និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ»។

សម្រាប់ប្រជាពលរដ្ឋវ័យចំណាស់ម្នាក់ទៀត អ្នកស្រី ប៊ូ សុភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ និងរកស៊ីទទួលទានមានបាន និងជៀសឆ្ងាញ​ពីជំងឺតំកាត់ទាំងឡាយ។ អ្នកស្រីក៏បានស្នើសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកជួយព្យាបាលប្រជាពលរដ្ឋ ឲ្យបានញឹកញាប់បំផុត។

សូមបញ្ជាក់ថារយៈពេល៦០ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២០៤នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣២លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន ២៥៤,៩២៥នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា ដំណើរចុះទៅខេត្តកំពតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឡើងចំខួប៥ឆ្នាំ ឈានចូលឆ្នាំទី៦ នៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រក៏ល្អមួយនេះឡើង។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕