(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រ «ណានតាយ» ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ប្រមាណ២០០នាក់ លើកម្មករសរុប ៣១៤នាក់ បានផ្ទុះកូដកម្មតវ៉ាទាមទារ ប្រាក់បៀវត្សរ៍ជាច្រើនចំណុច ពីថៅកែរោងចក្រ នាំឲ្យបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។

ចំណុចនៃការទាមទារទាំងនោះរួមមាន៖ ប្រាក់ជូនដំណឹងមុន, ប្រាក់បំណាច់បណ្តេញ, ប្រាក់សោហ៊ុយជម្ងឺចិត្ត, ប្រាក់ទូទាត់ការឈប់សម្រាកប្រចាំឆ្នាំដែលកម្មករមិនទាន់បានប្រើ និងប្រាក់ឈ្នួលចុងក្រោយ ដែលការតវ៉ានេះបានកើតមានឡើង បន្ទាប់ពីថៅកែក្រុមហ៊ុន បានបញ្ឈប់ពួកគេពីការងារក្រោយបើកប្រាក់ខែជូន។

ពេលក្រុមកម្មករផ្ទុះការតវ៉ានោះ គេសង្គេតឃើញមានវត្តមាន អាជ្ញាធរចម្រុះខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ត្រីក្រសួងការងារ ចុះអន្តរាគមន៍សម្របសម្រួលបងប្អូនកម្មករ-កម្មការិនីដល់រោងចក្រ និងបានកោះហៅតំណាងរោងចក្រ ចូលជួបប្រជុំគ្នាដើម្បីរិះរកដំណោះស្រាយជូនបងប្អូនកម្មករ។

ក្រុមកម្មករបានឲ្យដឹងថា កាលដើមឡើយរោងចក្រ មានកម្មករសរុបជាង៥០០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ៣១២នាក់ប៉ុណ្ណោះ ដោយកម្មករ២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ចប់កុងត្រាការងារ ដោយមានបើកប្រាក់ខែឲ្យរួចរាល់ ហើយបញ្ឈប់ការងារពួកគេតែម្តង ក្រោមហេតុផលថា ពុំមានការងារឲ្យធ្វើទៀត។ ក្រុមកម្មករ២០០នាក់ ដែលផ្ទុះការតវ៉ា បានបន្តទៀតថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧កន្លងទៅ ថៅកែរោងចក្របានប្រាប់មកកាន់កម្មករថា រោងចក្រនឹងផ្លាស់ប្តូរឈ្មោះ ហើយអាចឈានដល់ការបិទទ្វារអាជីវកម្ម ដោយថៅកែបានគុណគូរអតីតភាពការងារ ដល់កម្មករក្នុងម្នាក់៦០ដុល្លារ ប៉ុន្តែកម្មករមិនយល់ស្របឡើយ ព្រោះបើគុណគូរពីអតីតភាពការងារ បូកសរុបជាមួយប្រាក់បំណាច់ឆ្នាំ និងប្រាក់ផ្សេងៗទៀតដូចចំណុចដែលបានរៀបរាប់ខាងលើ គឺក្រុមកម្មករអាចទទួលបានពី ៧០០ដុល្លារ ដល់១០០០ដុល្លារ ទៅតាមរយៈកាលដែលខ្លួនបានធ្វើ។

លោក ឌី រ័ត្នខេមរុណ បានថ្លែងថា ក្រោយការពិភាក្សាប្រជុំរកដំណោះស្រាយ អស់រយៈពេលជាង១ម៉ោងរួចមក អាជ្ញាធរសម្រេចយកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃដោះស្រាយបញ្ចប់បញ្ហានេះ ជូនបងប្អូនកម្មករឲ្យបានរួចស្រេច ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ។ លោកលើកឡើងថា ចំពោះមូលហេតុ ដែលអាជ្ញាធរមិនអាចដោះស្រាយជូនបងប្អូននៅថ្ងៃនេះបាន គឺដោយសារម្ចាស់រោងចក្រ ដែលជនជាតិចិន កំពុងជាប់រវល់នៅឯប្រទេស លុះថ្ងៃទី៦ ទើបត្រឡប់មកវិញ ទើបអាជ្ញាធរសម្រេចដោះស្រាយនៅថ្ងៃទី៦តែម្តង ។

លោកអភិបាលរងបន្ថែមថា រាល់ចំណុចដែលបងប្អូនទាមទារ នឹងត្រូវយកមកពិភាក្សាជាថ្មី នៅថ្ងៃទី៦ ហើយក៏ជាថ្ងៃដែលសម្រេចបញ្ចប់ការប្រឈមរបស់បងប្អូននៅថ្ងៃនោះដូចគ្នា ព្រោះបច្ចុប្បន្នរោងចក្រ មានតែផ្នែករដ្ឋបាលជាអ្នកមើលការខុសត្រូវ ដូច្នេះផ្នែករដ្ឋបាលមិនអាចសម្រេចអ្វីបានក្រៅតែពីរងចាំថៅកែរោងចក្រមកវិញនោះទេ។

ទន្ទឹមនឹងនោះ លោក ឌី រ័ត្នខេមរុណ ក៏សូមធ្វើការអំពាវនាវ បងប្អូនកម្មករកម្មការនីរោងចក្រទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ និងរក្សារបៀបរៀបរយឲ្យបានល្អ ហើយចូលបម្រើការងារ ក្នុងរោងចក្រតាមជំនាញរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំធ្វើអ្វីខុសប្រក្រតី ឬក៏ការប្រមូលផ្តុំនាំគ្នាធ្វើកូដកម្មលើកប៉ាដាបិទផ្លូវសាធារណៈ តាមការញុះញង់ក្នុងចេតនាទុច្ចរិតណាមួយ របស់ក្រុមជនអគិតិមួយចំនួនក្នុងសង្គម ជាដើម ដែលអាចបង្កភាពចលាចលដល់សង្គមរបស់យើងក្នុងការចុះដោះស្រាយផលប្រឈមជូនបងប្អូន ដោយយល់ឃើញមានការលំបាក របស់បងប្អូននាំគ្នាឈរក្រោមកំដៅថ្ងៃ លោកអភិបាលរង ក៏បានឧបត្ថម្ភទឹកសុទ្ធចំនួន៧៥យួរ ចែកជូនបងប្អូនពិសារផងដែរ៕