(កំពង់ធំ)៖ ក្រោយផ្ទុះការតវ៉ារបស់លោកគ្រូ អ្នកគ្រូ រវាងលោកវរសេនីយ៍ត្រី សួស សុវណ្ណា ប្រធានស្នាក់ការសន្តិសុខ៦០១ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ កន្លងមកនេះទំនាស់ដ៏ក្តៅគគុកនេះ ត្រូវបានដោះស្រាយបញ្ចប់ដោយរលូនហើយក្រោយពីមន្រ្តីអាវុធហត្ថសុំទោសជាសាធារណៈ ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ហួន វ៉ាន់និត អភិបាលរងខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃសាលាវិទ្យាល័យកំពង់ធំ ដើម្បីបញ្ជាក់ពីគុណតម្លៃក៏ដូចជា ការដឹងគុណដល់លោកគ្រូ-អ្នកគ្រូគ្រប់រូប ដែលប្រៀបបានទៅនឹងឪពុកម្តាយទី២ តែងតែបង្ហាត់បង្រៀន ដោយគ្មានទេពាក្យថា នឿយហត់គឺក្តីស្រឡាញ់ និងចំណេះវិជ្ជាទាំងកម្លាំងចិត្តត្រូវបានផ្តល់ជូនដល់សិស្សគ្រប់រូប គុណតម្លៃរបស់លោកគ្រូ អ្នកគ្រូ ត្រូវបានប្រមុខរាជរដ្ឋាភិបាលរៀបចំឲ្យមានថ្ងៃរំលឹកគុណគ្រូ។

លោក សុខ លូ បានគោរព និងកោតសរសើរយ៉ាងខ្លាំងចំពោះលោកគ្រូ អ្នកគ្រូ ដែលមានការអត់ធ្មត់តស៊ូរហូតមានការដោះស្រាយដ៏សមរម្យ ដែលភាគគីទាំងសងខាងអាចទទួលយកបាន ក្នុងនោះក៏បានផ្តាំផ្ញើរឲ្យសិស្សានុសិស្សទាំងអស់ គោរពនូវវិន័យរបស់សាលា គោរពលោកគ្រូ អ្នកគ្រូ រួមទាំងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺច្បាប់ចរាចរណ៍ផ្លូវគោក សូមឲ្យក្មួយពាក់ពួកសុវត្ថិភាព បើកបរប្រកាន់ស្តាំជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យកំពង់ធំ បានថ្លែងប្រាប់​ Fresh News បានឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ថា «ក្រោមការដឹកនាំសម្របសម្រួលពីអភិបាលខេត្តកំពង់ធំ, ទីបំផុត លោក សួស សុវណ្ណា បានមកសុំទោសជាសាធារណៈនៅចំពោះមុខលោកគ្រូ-អ្នកគ្រូ ដោយព្រមទទួលកំហុសនូវរឿងរ៉ាវការជេរប្រមាថ លោកគ្រូ-អ្នកគ្រូ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានធ្វើឲ្យមានករណីផ្ទុះការតវ៉ាបិទការបង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យកំពង់ធំ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ»។

ចុងក្រោយបន្ទាប់ពីការសុំអធ្យាស្រ័យនូវការវិវាទ ដែលកើតឡើងដោយយល់ច្រលំ លោក សួស សុវណ្ណា និងលោកគ្រូអ្នកគ្រូ ដើរចាប់ដៃគ្នានិងប្តេជ្ញាបង្កើនចំណងសាមគ្គី មិត្តភាពរួមទាំង កិច្ចសហការល្អជាមួយគ្នាអោយកាន់តែស្អិតរមួតបន្ថែមទៀត៕