(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីបង់ក្លាដេស បានបញ្ជាក់នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា រដ្ឋាភិបាលរបស់លោកស្រី នឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។ ដោយឡែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសផងដែរថា កម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែដូចគ្នា​ ដើម្បីដាក់ឈ្មោះបិតាស្ថាបនាជាតិរបស់ប្រទេសបង់ក្លាដេសផងដែរ។

ការប្រកាសរបស់លោកស្រីនាយករដ្ឋមន្ដ្រីបង់ក្លាដេស និងសម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងសន្និសីទរួមគ្នា ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើ​​ឯកសារចំនួន១១ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ នាវិមានសន្ដិភាព។

នាយករដ្ឋមន្ដ្រីបង់ក្លាដេស បានបញ្ជាក់តាមរយៈអ្នកបកប្រែផ្លូវការយ៉ាងដូច្នេះថា «​ម្សិលមិញខ្ញុំបានគោរព​វិញ្ញាណក្ខន្ធ សម្ដេច នរោត្តម សីហនុ, សម្ដេចឪនៃកម្ពុជា គឺថិតនៅក្នុងបេះដូងរបស់ប្រជាជនបង់ក្លាដេស ខ្ញុំមានក្ដីរីករាយបំផុត សូមប្រកាសថារដ្ឋាភិបាលខ្ញុំ នឹងដាក់ឈ្មោះផ្លូវដ៏ល្បីមួយនៅក្នុងទីក្រុងដាកា ដើម្បីជាការគោរព ដល់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ»។​

នៅក្នុងឱកាសធ្វើសន្និសីទរួមគ្នា លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកស្រី និងសម្តេចតេជោ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឈាន ទៅកម្រិតថ្មីមួយទៀត។ លោកស្រីបន្តថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។

សូមជម្រាបថា លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

នៅព្រលានយន្តហោះនោះ លោកស្រី សេក្ខ ហាស៊ីណា ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាច្រើនទៀត។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចរយៈពេលខ្លី លោកស្រី Sheikh Hasina ត្រូវអញ្ជើញទៅសម្រាកប្រមាណ២ម៉ោង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មុននឹងបំពេញកិច្ច ក្នុងការបំពេញទស្សនកិច្ចនេះ នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀត៕