(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស បានសន្យាចំពោះមុខនាយករដ្ឋមន្ត្រី កម្ពុជាថា នឹងជំរុញឲ្យវិនិយោគិនរបស់ខ្លួន មកបណ្តាក់ទុនលើវិល័យកសិកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រាប់អង្គភាពព័ត៌មាន Fresh News ។

បើតាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រីប្រតិភូ សុខ ចិន្តាសោភា ក្នុងជំនួបនោះ ជាការឆ្លើយតបចំពោះការជំរុញការវិនិយោគ លើវិស័យកសិកម្មរបស់ប្រទេសបង់ក្លាដេសនេះ ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ចំពោះគម្រោងជំរុញការវិនិយោគនេះ ហើយសម្តេចបានផ្តល់អនុសាសន៍ ឲ្យវិនិយោគិនរបស់បង់ក្លាដេស មកវិនិយោគក្នុងវិស័យកែច្នៃកសិផល នៅកម្ពុជា។

លោក សុខ ចិន្តាសោភា ក៏បានបញ្ជាក់ថែមទៀតថា រហូតមកដល់ពេលនេះ ការវិនិយោគរបស់បង់ក្លាដេស នៅកម្ពុជាមិនទាន់មាននៅឡើយនោះទេ។ តែយ៉ាងណានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអាជ្ញាធរអភិវឌ្ឍន៍បង់ក្លាដេស បានចុះអនុស្សារណៈយោគយល់គ្នាមួយ ក្នុងចំណោមអនុស្សារណៈចំនួន១១ ដែលសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបង់ក្លាដេស បានធ្វើជាអធិបតីភាព។

អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័ន លើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស គឺត្រូវបានចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា និង​លោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។

ក្នុងពិធីចុះអនុស្សារណៈនោះ ភាគីទាំងពីរ គឺកម្ពុជានិងបង់ក្លាដេស បានសម្តែងនូវសុទិដ្ឋិនិយមថា នឹងជួយជំរុញពាណិជ្ជប្រទេសទាំងពីរកាន់តែធំឡើង ពិសេសជួយទាក់ទាញវិនិយោគបន្ថែមពីបង់ក្លាដេស មកកម្ពុជា។

គួរបញ្ជាក់ថា អនុស្សារណៈនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដែស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។ គោលបំណងនៃអនុស្សារណៈនេះ គឺដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តរវាងស្ថាប័នទាំងពីរ ក្នុងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកជំនាញបច្ចេកទេស និងឧត្តមានុវត្តគោលនយោបាយ ផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាល បង្កើតកម្មវិធីស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគរវាងកម្ពុជានិងបង់ក្លាដែស និងធ្វើការផ្តួចផ្តើម លើកទឹកចិត្ត ជំរុញ និងទាក់ទាញវិនិយោគទ្វេភាគីលើវិស័យនានា នៃសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានភាពជាដៃគូ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕