(កំពង់ចាម)៖ ​កម្លាំងនគរបាល​នៃអធិការដ្ឋានគរបាលស្រុកជើងព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាម នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលបានឆ្លងដែនធ្វើដំណើរ និងស្នាក់នៅ​​ខុសច្បាប់ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិវៀតណាមដែលបានឃាត់ខ្លួន ក្រោយលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់នោះ ឈ្មោះ ​​MAI TRUNG SON ​អាយុ៣៥ឆ្នាំ ហើយបានឃាត់ខ្លួនពេលដែលកម្លាំងនគរបាលរបស់លោក ​កំពុងល្បាតក្នុងមូលដ្ឋាន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមរូបនេះ ត្រូវបានបញ្ជូនទៅ​ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ​ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍បន្ត​៕