(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានចូលរួមអបអរសាទរដល់ខួបទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ ២ធ្នូ។

នៅលើទំព័រ Facebook សម្តេចបានលើកឡើងថា «យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃនេះជាខួបលើកទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៧) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត»។

សម្តេចតេជោ បានលើកឡើងបន្តទៀតថា ខួប៣៩ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ៣០ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា៕