(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្ទឹងត្រែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន ជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង និងជាអភិបាលខេត្តស្ទឹងត្រែង រៀបចំមិទ្ទីញ​អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី​៣៩ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៧)។

ពិធីដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ​ក៏មានការចូលរួមពី ​ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ ​ប្រមាណជាង​៥,០​០០នាក់ផងដែរ ដែលបានធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង។

សូមជម្រាបថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី​២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបប ប៉ុលពត ដ៏យង់ឃ្នង រហូតទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុង នៃការវិលត្រឡប់មកវិញនូវរបបនេះជាលើកទីពីរ៕