(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង ៤០ស្ដង់ បានមកជួបជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំ DIGITEKH (ឌីជីថិក) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay Digital Plus មានរយៈ ពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងអគារសហសិក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោក ជី សិលា អគ្គនាយកក្រុមហ៊ុន Sabay Digital Plus បានឲ្យដឹងថា DIGITEKH ជាឱកាសល្អសម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម បានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗ ពីបច្ចេកវិទ្យា។

លោក ជី សិលា បានបញ្ជាក់ថា DIGITEKH អាចថាជាពិព័រណ៍បច្ចេកវិទ្យាដ៏ធំ ព្រោះអី អ្នកលក់ និងក្រុមហ៊ុន ស្ទើរគ្រប់ផ្នែកមកអស់ហើយ ទាំងគ្រឿងអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទដៃ កាមេរ៉ា ក្រុមហ៊ុនព័ត៌មានវិទ្យា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ិនធឺណិត ក្រុមហ៊ុនទូទាត់សាច់ប្រាក់ ធនាគារ ក្រុមហ៊ុនឌីជីថល -ល- ។

អគ្គនាយកក្រុមហ៊ុន Sabay Digital Plus រូបនេះ បានបញ្ជាក់បន្ថែមទៀតថា «ក្នុងនោះមានអ្វីដែលល្អៗ បង្ហាញដល់អ្នកទស្សនាផ្ទាល់តែម្ដង ដោយយើងមិនចាំបាច់ចំណាយពេល ទៅសួរតាមក្រុមហ៊ុនមួយៗទេ...នៅ DIGITEKH មានទាំងអស់»។

ក្រុមហ៊ុនសំខាន់ៗដែលចូលរួមលើស ៤០ស្តង់មានជាអាទិ៍៖ ធនាគារ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និងDomino's Pizza។
នៅមានច្រើនទៀត ដែលអ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកចង់បាន។

សូមជម្រាបថា នេះជាលើកដំបូងដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃ នៅដើមខែធ្នូនេះ។ នេះជាឱកាសដល់អ្នកចូលចិត្ត ផ្នែកបច្ចេកវិទ្យាបានស្គាល់ បានជាវផលិតផល និងសេវាកម្មនានាក្នុងតម្លៃពិសេស៕