(ភ្នំពេញ)៖ កម្លាំងប្រជាការពារខណ្ឌដូនពេញចំនួន៨០នាក់ បានទទួលអំណោយ ពីព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យ នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ពិធីចែកអំណោយទេយ្យទាន ដល់កម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយអនាម័យសាធារណៈ ក្នុងមូលដ្ឋានខណ្ឌនេះ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងព្រះគ្រូវិសុទ្ធិសីសាចារ្យ ជឹម ជោតិ ព្រះចៅអធិការ វត្តព្រះពិទ្ធឃោសាចារ្យ និងព្រះឃោសាវិសុទ្ធិ ទួត ម៉េងឈុន គ្រូសូត្រស្តាំ និងព្រះរតនវិសុទ្ធិវង្ស គាន សារ៉ាត់ គ្រូសូត្រឆ្វេង។

ទេយ្យទាន និងបច្ច័យ របស់ព្រះគ្រូវិសុទ្ធិសីសាចារ្យ បានចែកជូនដល់កម្លាំងប្រជាការចំនួន៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាលថវិកាចំនួន ២០,០០០រៀល អង្ករចំនួន ២០Kg និងសម្ភារបរិភោគមួយកញ្ជប់។

គួរបញ្ជាក់ផងដែរថា ខណ្ឌដូនពេញជាខណ្ឌបេក្ខភាពប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ និងបេក្ខភាពទីក្រុងស្អាតអាស៊ាននាពេលខាងមុខផងដែរ ដូច្នេះលោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានដាក់ផែនការ ដល់កម្លាំងប្រជាការពារខណ្ឌ ក្នុងការអនុវត្តការងាររៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ ជាផែនការចម្បងបំផុត ដើម្បីបម្រើ ផលប្រយោជន៍ និងសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រេចបាន នូវបេក្ខភាពជ័យលាភីនាពេលខាងមុខ៕