(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាមនុស្សជំនិតម្នាក់របស់លោក ដូណាល់ ត្រាំ គឺលោក Michael Flynn បានសារភាពពីទោសកំហុសហើយ ពាក់ព័ន្ធនឹងការ ធ្វើសេចក្ដីថ្លែងការណ៍​ក្លែងក្លាយ ទៅឱ្យការិយាល័យស៊ើប​អង្កេត​សហព័ន្ធ FBI ស្ដីពីជំនួបជាមួយ​អគ្គរដ្ឋទូតរុស្ស៊ី ប៉ុន្មានសប្ដាហ៍មុន​នឹងលោក ត្រាំ ក្លាយជា​​ប្រធានាធិបតី​​អាមេរិក។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។

ការចោទប្រកាន់​លើ លោក Michael Flynn ត្រូវបានធ្វើឡើង​ដោយ​អគ្គរដ្ឋអាជ្ញា​ពិសេស លោក Robert Mueller នៅក្រោមក្របខណ្ឌ​នៃការស៊ើបអង្កេតរបស់លោក ជុំវិញរឿងអាស្រូវ នៃការលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦ ពីសំណាក់រុស្ស៊ី។ លោក Flynn ជាអតីតមន្រ្តី​ជាន់ខ្ពស់​អាមេរិកម្នាក់ នៃរដ្ឋបាល​លោក ដូណាល់ ត្រាំ ដែលត្រូវបាន ចោទប្រកាន់​ជាផ្លូវការ។ ក៏ប៉ុន្តែអ្វីគួរឱ្យ​កត់សម្គាល់នោះ​គឺថា អតីតទីប្រឹក្សាសន្តិសុខអាមេរិក​រូបនេះ ក៏បានទម្លាយដែរថា លោកបាន​និងកំពុងសហការ​ជាមួយក្រុមស៊ើប​អង្កេតរបស់ លោក Mueller។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ពី លោក Michael Flynn ផ្ញើជូនក្រុម​រដ្ឋអាជ្ញា ហាក់ដូចជា​បានបង្ហាញថា មន្ត្រីជាន់ខ្ពស់អាមេរិក​ម្នាក់ទៀត​មានជាប់ពាក់ព័ន្ធ​ នឹងសំណុំរឿង រុស្ស៊ីនេះ​ដែរ ហើយបើទោះ​ជាលោក​មិនបានបញ្ចេញ​ឈ្មោះ​ក៏ដោយ តែសារព័ត៌មាន​អាមេរិក​ជាច្រើនយល់​ថា មន្ត្រីម្នាក់នេះ​អាចជាកូន​ប្រសារប្រុស លោក ត្រាំ គឺលោក Jared Kushner៕