(កំពង់ធំ)៖ លោក លី ឃួង នាយករងនាយកដ្ឋានអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គីសនីកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ អាជ្ញាធរអគ្គិសនីកម្ពុជា EDC និងអាជ្ញាធរអគ្គិសនី EAC និងអង្គការ JICA និងចាត់ក្រុមការងាររបស់ខ្លួន សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរមូលដ្ឋានចុះ ជួបពិគ្រោះយោបល់ជាមួយអ្នកប្រើប្រាស់អគ្គីសនី ដើម្បីរួមគ្នាពិនិត្យរកភាពត្រឹម ត្រូវជូនប្រជាពលរដ្ឋដែលសង្ស័យថាគីឡូអគ្គិសនី ឬថ្លៃអគ្គិសនីឡើង ច្រើនខុសប្រក្រតី នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក លី ឃួង បានថ្លែងថា ការចុះត្រួតពិនិត្យនេះមានគោលបំណងផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់អគ្គីសនី ពីលក្ខណៈ បច្ចេកទេសអគ្គីសនី ជាពិសេសពាក់ព័ន្ធ និងនាឡិកាស្ទង់អគ្គីសនី (គីឡូភ្លើង) ដែលពួកគាត់ចេះតែត្អូញត្អែ និងសង្ស័យក្នុងចិត្តថានាឡិកាស្ទង់ដើរខុស ប្រក្រតី​ក្នុងការប្រើប្រាស់កន្លងមកហើយក្នុងការពិនិត្យ និងថ្លឹងផ្ទៀងផ្ទាត់ គឺពិនិត្យជូនដោយឥតគិតថ្លៃប្រសិនបើ​មានការសង្ស័យ។

លោក លី ឃួង បានបន្តថា ការពិនិត្យនាឡិកាស្ទង់នេះ គឺខាងអាជ្ញាធរអគ្គិសនី មានម៉ាស៊ីនវាស់ស្ទង់មួយខាង JICA ជប៉ុន មានស៉ាស៊ីនវាស់ស្ទង់មួយ ដើម្បីបង្ហាញថាការវាស់ស្ទង់ត្រឹមត្រូវ ឬទេ។ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារបានត្រួតពិនិត្យនាឡិកា ស្ទង់អគ្គិសនីបានចំនួន៤៣នាឡិកា ក្នុងនោះភាពមិនប្រតីចំនួន៧គ្រឿង និងខូចចំនួន២គ្រឿង តែត្រូវបានខាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីធ្វើការផ្លាស់ប្តូរ ជូនអ្នកប្រើប្រាស់ដោយឥតគិតថ្លៃដែលនាឡិកាស្ថិតក្នុងស្តង់ដារកំណត់ +ឬ-២%ទាំងអស់។

លោក លី ឃួង បានបញ្ជាក់ទៀតថា សូមស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មេត្តាចុះជួយផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ឲ្យបានយល់ ច្បាស់កុំឲ្យចេះតែដើរនិយាយរឿងមិនពិត និងត្រូវទៅជួបពិគ្រោះយោបល់ជាមួយសេវាករផ្គត់ផ្គង់សិន ហើយអាជ្ញាធរអគ្គីសនី និងចុះត្រួតពិនិត្យ ជូនប្រជាពលរដ្ឋកន្លែងផ្សេងៗទៀត ហើយការងារនេះធ្វើជូនដោយមិនយកកម្រៃទេ។

លោក ប៉ែន វណ្ណច័ន្ទ តំណាងក្រុមហ៊ុន ផេងគៀងអេឡិចទ្រីចស៊ីតធី បានថ្លែងថា ការផ្គត់ផ្គង់អគ្គិសនី របស់លោកបានគ្របដណ្តប់ចំនួន៦ឃុំ ទី១៖ ឃុំ ឈូកខ្សាច់ ទី២៖ ឃុំបឹង ទី៣៖ ឃុំត្នោតជុំ ទី៤៖ ឃុំបល្ល័ង្ក ទី៥៖ ឃុំចុងដូង ក្នុងស្រុកបារាយណ៍ និងទី៦៖ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ប៉ែន វណ្ណច័ន្ទ បានបន្តថា ក្នុងការត្រួតពិនិត្យលើអ្នកប្រើប្រាស់មានចំនួន៤៣ នាឡិកាស្ទង់បានស្នើសុំឲ្យពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ អគ្គីសនី ជូនពួកគាត់ដើម្បីបង្ហាញថានាឡិកាដំណើរត្រឹមត្រូវក្នុងកម្រិតស្តង់ដាកំណត់ប្រសិនបើពិនិត្យឃើញថាមិនប្រក្រតីសេវាកររបស់លោក និងធ្វើការផ្លាស់ប្តូរជូនអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ៕