(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម អាចនឹងក្លាយជាសមាជិកគ.ជ.ប ទី២ ដែលកើតពីសង្គមស៊ីវិល ឬជាបុគ្គលឯករាជ្យ បន្ទាប់ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ ដែលជាអតីតប្រធានអង្គការនិកហ្វិក។

លោក ឌឹម សុវណ្ណារុំ ត្រូវបានរដ្ឋសភាជ្រើសរើសជាបេក្ខជនសម្រាប់កាន់តំណែងសមាជិក គ.ជ.ប ក្នុងចំណោមបេក្ខជនថ្មី៣រូប ដែលនឹងទៅជំនួសអនុប្រធាន និងសមាជិក គ.ជ.ប សរុប៣រូប ដែលបានលាលែងពីតំណែង ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឌឹម សុវណ្ណារុំ បានប្រកាសថា លោកគឺជាបេក្ខជនសេរីដែលកើតចេញ ពីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់ជាអ្នកសារព័ត៌មាននិងមានបទពិសោធផ្នែកនេះជាច្រើនឆ្នាំ ជាមន្រ្តីអង្គការសង្គមស៊ីវិល និងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។

បច្ចុបន្ននេះ លោកមានតួនាទី៣សំខាន់ៗ រួមមានដូចជា សមាជិកក្រុមប្រឹក្សាភិបាលនៃពិធីការសង្គមស៊ីវិលកម្ពុជា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម។ ក្នុងពេលបំពេញតួនាទីរបស់ខ្លួននៅសាលាក្តីខ្មែរក្រហម លោកបានជួបជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយឱ្យមានការយល់ដឹងពីសាលាក្តីខ្មែរក្រហមមិនតិចជាង៦ម៉ឺននាក់នោះទេ។

សូមបញ្ជាក់ថា រដ្ឋសភា បានសម្រេចអនុម័តតំណែងអនុប្រធាន និងសមាជិក គ.ជ.ប ៣រូបដែលបានលាលែងពីតំណែង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បេក្ខជនទាំងបីមាន៖ ១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច, ២៖ លោក ហ៊ែល សារ៉ាត់ សមាជិកមកពីគណបក្សសញ្ជាតិកម្ពុជា និង៣៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម។

តាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឱ្យដឹងថា អនុប្រធាន គ.ជ.ប ម្នាក់ គួរតែផ្តល់ជូនគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានអាសនៈ៤១នាពេលនេះ ហើយសមាជិក គ.ជ.ប ម្នាក់ គួរតែបានទៅលើ គណបក្សសញ្ជាតិកម្ពុជាសម្រេច និងសមាជិក គ.ជ.ប ម្នាក់ទៀត គួរតែជ្រើសរើសចេញពីអង្គការសង្គមស៊ីវិល។

បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភា​, លោក ឌឹម សុវណ្ណារុំ គឺជាបេក្ខជនចេញពីសង្គមស៊ីវិលតែមួយគត់ ដែលចំរាញ់ចេញពីបេក្ខជនជាច្រើន ហើយលោកមានលក្ខណៈសម្បត្តិ និងសមត្ថកិច្ចភាពពេញលេញ ក្នុងការទទួលបានតំណែងនេះ៕

លោក នុត សុខុម 

លោក ហ៊ែល សារ៉ាត់ 

លោក ឌឹម សុវណ្ណារុំ