(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា នៅក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់ មានចំនួន៦,២៦៧ លានដុល្លារអាមេរិក កើនឡើងជាង២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦។

ការថ្លែងបញ្ជាក់យ៉ាងដូច្នោះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងសម្ភោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៧ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។

ថ្លែងក្នុងពិធីនោះ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្ដការកើនឡើងជាបន្ដទៀតក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ។ ហើយក្នុងនេះ វិស័យសំណង់ក៏ជាសសរស្ដម្ភមួយក្នុងចំណោមវិស័យទាំង៤ ដែលបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា។ វិស័យទាំង៤នោះ គឺមានវិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា «ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៦ មានជាង៥,៥៧៩ លានដុល្លារអាមេរិក មានកំណើត៦៨% បើប្រៀបធៀបនឹងឆ្នាំ២០១៥ មានតែ ៣,៣៣៨ លានដុល្លារអាមេរិក និងក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៧នេះ មានទុនវិនិយោគសរុបប្រមាណ ៦,២៦៧ លានដុល្លារអាមេរិក ឃើញមានកំណើនជាង ២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦»។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានបន្ថែមទៀតថា ក្រុមហ៊ុនធ្វើអាជីវកម្មសំណង់ ដែលមកចុះបញ្ជីនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយនៅមានសុពលភាពធ្វើអាជីវកម្មសព្វថ្ងៃ គិតត្រឹមខែតុលា មានចំនួន១,០៣៨ ក្រុមហ៊ុន ហើយក្នុងនោះក៏មានក្រុមហ៊ុន មកពីក្រៅប្រទេសចំនួន៣២៤ក្រុមហ៊ុនផងដែរ គឺមានមកពីប្រទេសចិន កូរ៉េ វៀតណាម ជប៉ុន ថៃ ម៉ាឡេស៊ី​ សឹង្ហបុរី សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌូនេស៊ី កាណាដា អូស្ដ្រាលី អេស្ប៉ាញ ឥណ្ឌា ហ្វីលីពីន។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងអំណរគុណដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលតែងតែបាន ផ្ដល់ឱកាសសមាគមមានកិត្ដិយស ចូលរួមចំណែកក្នុងការផ្ដល់យោបល់ លើឯកសារគតិយុត្ដបច្ចេកទេសនានា សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ឲ្យបានរលូនសមស្របតាមលក្ខខណ្ឌនៃប្រទេសកម្ពុជា។

សូមជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់លើកទី៤ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ នៅកោះពេជ្រ ត្រូវបានសម្ពោធនៅព្រឹកមិញនេះ មានក្រុមហ៊ុនក្នុងស្រុក និងបរទេសជាច្រើនសរុប ប្រមាណ ១៦៨ក្រុមហ៊ុន មានស្ដង់ប្រមាណ​៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិតផល និងសេវាកម្ម ដែលពាក់ព័ន្ធនឹងវិស័យសំណងជាច្រើនប្រភេទផ្សេងៗទៀត ដែលនាំចូលពីបណ្ដាល ប្រទេសជាច្រើន លើពិភពលោកសរុប៦០០ប្រភេទ។ 

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមអញ្ជើញមកទស្សនាពីព័រណ៍ ឲ្យបានច្រើនកុះករ ពិព័រណ៍នេះបានបើកហើយចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដោយចូលទស្សនាឥតគិតប្រាក់ និងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ដឹងព័ត៌មានពីសំណង់ជាច្រើន មើលឃើញសម្ភារ បរិក្ខារ និងគ្រឿងចក្រសំណង់ទំនើបៗ មានគុណភាព ជាច្រើនប្រភេទ ជួបអ្នកស្វែងរកដៃគូ ដើម្បីទំនាក់ទំនងកិច្ចការរកទទួលទាន និងអាចរកកំចីថវិកាដើម្បីទិញផ្ទះទៀតផង។ល៕