(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យស្មៀនសង្កាត់ទាំងអស់ ត្រូវតែស្តាប់តាមការណែនាំការងារ ពីចៅសង្កាត់តាមខណ្ឌ បើមិនដូច្នេះទេ អស់លោកជាស្មៀននឹងប្រឈម នៃការសុំដកតំណែងពីក្រសួងមហាផ្ទៃ ដោយមិនទុកឲ្យបង្កការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ ដែលមកទទួលសេវានានានោះទេ។

ជាមួយគ្នានេះលោកអភិបាល ក៏បានជំរុញឲ្យចៅសង្កាត់ និងមេប៉ុស្តិ៍យកចិត្តទុកលើការងារការពារសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ជូនប្រជាពរដ្ឋឲ្យបានល្អផងដែរ ដោយលោកបានជំរុញឲ្យបង្កើតវេនយាម ជាប្រចាំនៅក្នុងភូមិ ចលនាប្រជាពលរដ្ឋ និងព្រះសង្ឃឲ្យចូលរួមផងដែរ។

លោក ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយអភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនសង្កាត់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា «កន្លងមកនេះបើតាមអ្វីដែលខ្ញុំ បានទទួលព័ត៌មាននោះ គឺមានស្មៀនសង្កាត់មួយចំនួន នៅរាជធានីភ្នំពេញ យើងនេះ មិនសូវស្តាប់ចៅសង្កាត់នោះទេដោយអាងថា ខ្លួនជាមន្ត្រីមានក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ។ តែបើតាមពិតទៅស្មៀនមានតួនាទីគ្រាន់តែជាអ្នក កាន់ត្រា អ្នកសរសេរ បំរើការងារឲ្យលោកសង្កាត់ប៉ុណ្ណោះ ដូច្នេះទេត្រូវតែស្តាប់ការ ណែនាំរបស់ចៅសង្កាត់ធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ជាមួយចៅសង្កាត់ ដោយសារតែស្មៀន មិនបោះត្រា លើលិខិតស្នាមជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ ដូច្នេះស្មៀន ត្រូវបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ពិសេសត្រូវរួមគ្នាជាមួយចៅសង្កាត់ ដើម្បីបំរើប្រជាពលរដ្ឋ ឲ្យសមទៅហ្នឹង អ្វីដែលប្រជាពលរដ្ឋមានទំនុកចិត្ត»

លោក ឃួង ស្រេង បានបញ្ជាក់ថា បើស្មៀនមិនស្តាប់ចៅសង្កាត់ទេ ស្មៀនអាចប្រឈមនឹងការដកតំណែង ដោយហេតុថារដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានី មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំ ទៅក្រសួងមហាផ្ទៃ ដើម្បីដកតំណែងនិងតួនាទីនេះ ដូច្នេះស្មៀនមិនអាចធ្វើព្យុះធ្វើភ្លៀងស្រេច តែចិត្តនោះទេ។ ដោយឡែក លោកមេប៉ុស្តិ៍ក៏ត្រូវស្តាប់ចៅសង្កាត់ដែរ ដោយលោកមេប៉ុស្តិ៍ ស្ថិតក្រោមគណៈបញ្ជាការឯកភាពសង្កាត់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចៅសង្កាត់ត្រូវតែស្អាតស្អំដែរ៕