(ត្បូងឃ្មុំ)​​៖ រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ និង​បេក្ខជនបម្រុងឃុំ ក្នុងស្រុកត្បូងឃ្មុំទាំងមូល សរុប២១នាក់​ មានស្រី២នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២១​​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង២១រូបរួមមាន៖ ជំទប់ទី១ម្នាក់, ជំទប់ទី២ម្នាក់, សមាជិកក្រុមប្រឹក្សាឃុំចំនួន៦នាក់, បេក្ខជនពេញសិទ្ធិចំនួន១២នាក់ និងបេក្ខជនបម្រុងម្នាក់។

​​ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង​​​​២១រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕

<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F837304103108049%2F&show_text=0&width=730" width="730" height="410" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>






">