(កំពង់ធំ)​​៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតបេក្ខជនបម្រុងឃុំរបស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ចំនួន៤រូបទៀតហើយ នៅស្រុកប្រាសាទសំបូរ និងស្រុកស្ទោង ខេត្តកំពង់ធំ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

អតីតសមាជិក CNRP សរុបចំនួន៤នាក់នោះ រួមមាន៖
ទី១៖ លោក ឆាយ សៀងហ៊ាន់ អាយុ៥៧ឆ្នាំ បេក្ខជនបម្រុងឃុំឈូក ស្រុកប្រាសាទសំបូរ
ទី២៖ លោកស្រី អេង រ័ត្ន អាយុ៤៨ឆ្នាំ បេក្ខជនបម្រុងឃុំឈូក ស្រុកប្រាសាទសំបូរ
ទី៣៖ លោក មឿន ហៃ អាយុ៣៨ឆ្នាំ អតីតបេក្ខជនឃុំពពក ស្រុកស្ទោង
ទី៤៖ លោក ជឿន គឹមហឿន អាយុ៦០ អតីតបេក្ខជនបម្រុងឃុំកំពង់ចិនត្បួង ស្រុកស្ទោង។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង​​​​៤រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕